ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាង ខាត់ សុឃីម និងប្រជាពលរដ្ឋជិត៣០០នាក់តវ៉ាសុំឲ្យតុលាការដោះលែងលោក ឌឹម សួនណាត

ចែករំលែក៖

ខេត្តសៀមរាប៖  តារាចម្រៀងល្បីល្បាញអ្នកនាង ខាត់ សុឃីម និងស្វាមី បានរួមគ្នាជាមួយអ្នកតវ៉ាប្រមាណជិត៣០០នាក់ផ្សេង រួមគ្នាលើកបដាទាមទារឲ្យតុលាការខេត្តសៀមរាប ដោះលែង លោក ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita  បន្ទាប់ពីតុលាការខេត្តសៀមរាប បន្តឃុំខ្លួនលោក បណ្ដាលអោយលោក ឌឹម សួនណាត មិនអាចចេញមកដោះស្រាយបំណុលដល់ដៃគូវិនិយោគទាំងឡាយបាន។ អ្នកនាង ខាត់ សុឃីម និងអ្នកតវ៉ា បញ្ជាក់ថា បើគ្មានការដោះលែងអគ្គនាយកក្រុមហ៊ុន Enarita រូបនេះទេ ការបង់ខាតរបស់គ្រួសាររាប់ពាន់គ្រួសារ ក៏គ្មានដំណោះស្រាយនោះដែរ។

ការតវ៉ានេះបានធ្វើឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី១៩ មីនា ឆ្នាំ២០២០ នៅមុខសាលាដំបូងខេត្តសៀមរា ។

អ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា លោក ឌឹម សួនណាត គឺជាមនុស្សល្អ តែលោកត្រូវបានគេ​ចោទប្រកាន់ពីបទលក់ដីខ្យល់ និងឆបោក ហើយត្រូវឃុំខ្លួនក្នុងតុលាការខេត្តសៀមរាប ដែលបណ្ដាលឲ្យអ្នកវិនិយោគគម្រោងជាមួយលោក រាប់ពាន់គ្រួសារគ្មានការសងត្រឡប់។

អ្នកនាងថា លុះត្រាតែលោក ឌឹម សួនណាត ត្រូវបានដោះលែង ទើបក្រុមអ្នកបណ្ដាក់ទុនវិនិយោគទាំងអស់ ទទួលបានយុត្តិធម៌ ក្នុងការទទួលបានប្រាក់វិនិយោគជាមួយក្រុមហ៊ុនកន្លងមក។ អ៊ីចឹងហើយ ទើបអ្នកនាង និង គ្រួសារដែលជាដៃគូវិនិយោគជាមួយលោក ឌឹម សួនណាត សរុបប្រមាណ ៣០០នាក់ ត្រូវរួមគ្នាធ្វើញត្តិសុំអន្តរាគមន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី និងនាំគ្នាមកតវ៉ានៅមុខតុលាការខេត្តសៀមរាបតែម្ដង ដើម្បីស្នើឲ្យតុលាការខេត្តសៀមរាប ដោះលែង លោក ឌឹម សួនណាត កុំឲ្យលោកបន្តជាប់ឃុំ និងអាចឲ្យលោកមករកស៊ីដោះស្រាយបំណុលកូនក្រុមទាំងអស់ ដែលបានដាក់ហ៊ុន មុនពេលតុលាការធ្វើការចោទប្រកាន់។

អ្នកនាងថា បើលោក ឌឹម សួនណាត ជាមនុស្សឆបោកដូចការចោទប្រកាន់មែន ប្រហែលអ្នកនាង និង គ្រួសារដែលវិនិយោគផ្សេងទៀត មិនប្រឹងចំណាយពេលទេ ប៉ុន្តែមកពីអាណិតលោក និងចង់ឲ្យលោកបានចេញមកវិញ ដើម្បីដោះស្រាយប្រាក់ដើម ដែលគ្រួសារទាំងអស់បានបណ្ដាក់ទុនជាមួយ ទើបនាំគ្នាតវ៉ា។

ម្ចាស់ហ្វេសប៊ុក លោក ខេម ណារ៉ា ដែលត្រូវគេស្គាល់ថា ជាផលិតករផង និងជាតួសម្ដែងផង បានអះអាងថា ក្រោយការតវ៉ាមួយព្រឹក ខាងអយ្យការតុលាការខេត្តសៀមរាប បានហៅតំណាង៣នាក់ឲ្យចូលទៅចា​ដោយខាងតុលាការសន្យាថា នឹងជួយរកដំណោះស្រាយ។

យ៉ាងណាមិញលោកថា ក្រុមអ្នកតវ៉ា នឹងនៅតែបន្តតវ៉ា ប្រសិនបើខាងតុលាការនៅតែបន្តឃុំខ្លួនលោក ឌឹម សួនណាត បន្ទាប់ពីការឃុំខ្លួនអស់៨ខែ មិនមានដំណោះស្រាយសមស្របនៅឡើយហការី


ចែករំលែក៖