ភ្នំពេញ៖ កញ្ញា សោភា ទេពី អតីតបេក្ខនារី Cambodian Idol រដូវកាលទី៣នោះ បានបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនបែបញាក់កន្ត្រាក់អារម្មណ៍គឺបទ”អូនធំ” ។ បទនេះទទួលរងការរិះគន់មិនសំច្ចៃមាត់ពីទស្សនិកជន ថាជាបទអត្ថន័យ និងការរាំច្រៀងមិនសមរម្ភ ។
បទ”អូនធំ” របស់សោភាទេពី ចេញមិនដល់មួយសប្តាហ៍ផងនោះទទួលរងការរិះគន់យ៉ាងចាស់ដៃពីទស្សនិកជន។ រិះគន់ព្រោះតែបទចម្រៀងនេះមិនមានអត្ថន័យអប់រំណាមួយ ដែលក្រៅតែពីលើកឡើងពីរូបរាងរបស់មនុស្សស្រីពេញវ័យក្រមុំ ជាមួយនឹងការសម្តែងរាំលោតហក់មិនសមទំនង។ បទចម្រៀងនេះនិពន្ធទំនុកច្រៀងដោយ McSky និងបទភ្លេង ដោយកូនខ្លាតូច។ អ្នករិះគន់ម្នាក់លើកឡើងថា”បទចម្រៀងអញ្ចឹងៗក្រសួងចេះតែឲ្យចេញដែរ ស្តាប់ហើយអាណិតវប្បធម៌ខ្មែរ ល្មមៗបានហើយខ្ញុំសុំ”។ អ្នករិះគន់ម្នាក់ទៀតវាយប្រហាចំៗទៅអ្នកនិពន្ធថាជាអ្នកនិពន្ធរើសមកពីចិញ្ចើមផ្លូវ ស្តាប់មិនចូលត្រចៀក កាយវិការស្លៀកពាក់រញ៉ែរញ៉ៃ មិនគួរច្រៀងតាមតែនឹកឃើញនោះទេ។ មានការលើកឡើងដែរថា បទចម្រៀង ការស្លៀកពាក់និងការរាំបែបនេះហើយគឺនាំឲ្យមានការបំពុលសង្គម ជាផ្នែកនាំឲ្យទំពាំងស្អុយ។
នៅមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីតារាចម្រៀងស្រីរូបនេះបាននៅឡើយទេ ជុំវិញការរិះគន់នេះ។ ទោះជាយ៉ាងណាបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ ឬបទស្លុយមួយចំនួនតែងតែបញ្ចេញព្រោងព្រាតមុនពេលឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិបានមកដល់។ សិល្បករមួយចំនួនយល់ថាបទចម្រៀងរបស់ពួកគេអាចនឹងផ្ទុះការគាំទ្រច្រើន និងសម្រាប់យុវវ័យរាំលេងកម្សាន្ត។ ទោះជាយ៉ាងណាកន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បានកោះអញ្ជញអ្នកនិពន្ធបទចម្រៀងមកពីគ្រប់ផលិតកម្មដើម្បីធ្វើការអប់រំណែនាំឲ្យពួកគេបញ្ចេញស្នាដៃនិពន្ធបទចម្រៀងដែលមានអត្ថន័យនិងខ្លឹមសារអបំរំសង្គម និងកាត់បន្ថយការបញ្ចេញបទចម្រៀងបែបបែកស្លុយច្រើនជាងបទចម្រៀងប្រជាប្រិយខ្មែរ៕ ដោយ វឌ្ឍនា