ភ្នំពេញ៖ តារាចម្រៀង ទៀងមុំ សុធាវី និងស្វាមី ដែលទើបនឹងរៀបមង្គលការរួចថ្មីៗនោះ បានបរិច្ចាកទឹកប្រាក់៥ពាន់ដុល្លារអាមេរិក ដែលជាចំនួនទឹកប្រាក់ច្រើនជាងសិល្បករដទៃ។
តារាចម្រៀង មនោសញ្ចេតនាអ្នកនាង ទៀងមុំ សុធាវី និង ស្វាមីលោក ជួន សុកាន់ណារឹទ្ធ បានបរិច្ចាគទឹកប្រាក់ ៥ពាន់ដុល្លារអាមេរិកដើម្បីចូលរួមទប់ស្កាត់ និងព្យាបាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ការបរិច្ចាកនេះក៏ស្របពេលដែលសិល្បករជាច្រើនបានរួមគ្នាបរិច្ចាកថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់មួយនេះ។ នាងទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជនក្រោយពីចំនួនទឹកប្រាក់នៃការបរិច្ចាកត្រូវបានប្រកាសដោយប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង នោះ។ តារាស្រីរូបនេះលើកឡើងថា នេះគឺជាទឹកចិត្តដ៏សែនរីករាយពីនាង និងគ្រួសារ។ នាងក៏បួងសួងដល់ទេវតាសូមជួយថែរក្សាបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសឲ្យជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។
គួរបញ្ជាក់ដែរថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជននានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ទីតាំងទាំង២កន្លែងទាំងនោះរួមមាន៖កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។ កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយបានជំនួយដែលនឹងត្រូវបានផ្តល់រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង។ សម្តេចក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ៕ ដោយ វឌ្ឍនា