ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវភ្លើងឆេះរោលរាលរហូតស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈចូលទៅពន្លត់ភ្លើងដែលកំពុងឆាបឆេះចម្ការស្វាយរបស់ខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល កំពង់ប្រាំងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ អឿន អាយុ៧៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យសាកសព និងសាកសួរបំភ្លឺពីក្រុមគ្រួសារបញ្ជាក់អះអាងថាឈ្មោះ ចាន់ អឿន ពិតជាបានស្លាប់ដោយសារភ្លើងឆេះរោលរាលពេញខ្លួនប្រាណពេលភ្លើងឆេះចម្ការស្វាយរបស់គាត់ ប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ចេញពីផ្ទះសំដៅទៅចម្ការស្វាយរបស់ខ្លួនដែលនៅខាងកើតភូមិចម្ងាយប្រមាណ២គីឡូម៉ែត្រ ។ ពេលទៅដល់ក៏ឃើញភ្លើងកំពុងតែឆេះចម្ការស្វាយ គាត់ក៏បានចូលទៅពន្លត់ភ្លើងតែម្ណាក់ឯងរហូតបណ្ដាលឲ្យគាត់រត់ចេញពីចម្ការស្វាយមិនរួចក៏ត្រូវភ្លើងឆេះរោលខ្លួនឯងស្លាប់តែម្ដងយ៉ាងអាណោចអាធ័មតែម្តង ៕