ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូណេស៊ី COVID-19 អ្នកស្លាប់បានកើនដល់ ៧៨នាក់ តែម៉ាឡេស៊ី ឆ្លងបានកើនឡើងដល់ ២,០៣១ករណី ,វៀតណាមកើនដល់ ១៤៨នាក់

ចែករំលែក៖

ឥណ្ឌូណេស៊ី -ម៉ាឡេសុី -វៀតណាម ៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៧៨នាក់ហើយ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ។ មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីមិនទាន់ដាក់ចេញនូវ វិធានការបិទប្រទេសនៅឡើយទេ ប៉ុន្តែបានពន្លឿនការធ្វើតេស្ដនៅក្នុងតំបន់ ដែលករណីឆ្លងត្រូវបានរាយការណ៍។ ដោយឡែក នៅម៉ាឡេស៊ីចំនួននៃករណីឆ្លង COVID-19 នៅទូទាំងប្រទេសម៉ាឡេស៊ី បានកើនឡើងដល់ ២,០៣១ករណីហើយ បន្ទាប់ពីអ្នកឆ្លងថ្មីៗ ២៣៥នាក់ទៀតនៅថ្ងៃទី២៦ ខែមីនា នេះតែម្តង។ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានឱ្យដឹងទៀតថា៖ ចំនួនអ្នកជំងឺស្លាប់ដោយសារ COVID-19 ក៏បានកើនឡើងដល់ ២៣នាក់ផងដែរ។ ករណីឆ្លងសរុបក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេមើលឃើញថា មានការកើនឡើងទ្វេដងក្នុងរយៈតែមួយសប្ដាហ៍ប៉ុណ្ណោះ។ ទីក្រុងគូឡាឡាំពួ បានសម្រេចចិត្តបង្កើនពេលវេលា នៃការរឹតបន្តឹងលើការធ្វើដំណើរ និងសកម្មភាពនានារបស់ប្រជាជន រហូតដល់ថ្ងៃទី១៤ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19។
ចំពោះប្រទេស វៀតណាម ក្រសួងសុខាភិបាលវៀតណាម​នៅថ្ងៃទី​២៦ខែមីនា បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ០៧នាក់ថ្មីទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៤៨នាក់។ ក្នុងចំណោម ០៧ករណីថ្មីខាងលើ មានម្នាក់ជាជនជាតិបារាំង ម្នាក់ជាជនជាតិ អាហ្រ្វិកខាងត្បូង និង ០៥នាក់ជាជនជាតិវៀតណាមក្នុងនោះ ០៤នាក់ទើបតែត្រឡប់មកវៀតណាមវិញ ពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងថៃ ។ ជាមួយគ្នានេះ វៀតណាមក៏មានករណីសង្ស័យសរុប ១,៦៤៣ករណីកំពុងធ្វើតេស្ត ។ក្រៅពីនេះមានពលរដ្ឋ ៤៥,០០០នាក់ផ្សេងទៀត កំពុងបន្តស្ថិតក្រោមការតាមដានសុខភាព និងនៅដាច់ដោយឡែក៕ដោយ៖ ធីរីណា


ចែករំលែក៖