ខេត្តកណ្ដាល៖ បុរសសង្ស័យម្នាក់ តាំងខ្លួនមានដីលក់ឲ្យបុរសម្នាក់ទៀតប្រហែលជាង២០០ហិចតា ហើយទទួលប្រាក់កក់ពីបុរសជាអ្នកទិញបន្ដបន្ទាប់សរុបជាង៦ម៉ឺនដុល្លារ ចុងក្រោយគ្មានដីឲ្យភាគីខាងអ្នកទិញព្រោះជាដីខ្យល់ ធ្វើឲ្យភាគីអ្នកទិញដាក់ពាក្យបណ្ដឹងប្ដឹងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌមម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលឲ្យធ្វើការចាប់ខ្លួនតែម្ដង ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅវេ១៤និង១០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភួង សំអ៊ុល ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះជាអ្នកទិញឈ្មោះ នង ទ្រាវ អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា កាលកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ភួង សំអ៊ុល មកទំនាក់ទំនងជាមួយជនរងគ្រោះដើម្បីលក់ដីស្រែប្រាំងមួយកន្លែងរបស់ខ្លួន ដែលស្ថិតនៅចំណុចអូរពាមរាំង ភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល មានទំហំ២០៨ហិកតា លក់ក្នុងតម្លៃ៤០០០ដុល្លារក្នុង១ហិកតា ជនរងគ្រោះក៏យល់ព្រមទិញហើយក៏ធ្វើឯកសារកិច្ចសន្យា ទិញ-លក់ដី រួចប្រគល់ប្រាក់កក់មានសាក្សីផ្តិតមេដៃដឹងលឺទាំងសងខាងទៀតផង ដោយបានឯកភាពគ្នាសន្យាកំណត់ថ្ងៃប្រគល់ប្រាក់កក់៖ -លើកទី១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានកក់ប្រាក់ទៅអោយជនសង្ស័យឈ្មោះ ភួង សំអ៊ុល ចំនួន២៥,០០០ដុល្លារ ,លើកទី២ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានកក់ប្រាក់ទៅអោយជនសង្ស័យឈ្មោះ ភួង សំអ៊ុល ចំនួន ៣៥,០០០ដុល្លារ ហើយនៅមានវគ្គបន្តបន្ទាប់ទៀតសរុបជាង៦០០០០ម៉ឺនដុល្លារ ។
ក្រោយមក បែជាជនសង្ស័យឈ្មោះ ភួង សំអ៊ុល ក៏ចាប់ផ្ដើមគេចវេសធ្វើឲ្យជនរងគ្រោះមានការសង្ស័យក៏សម្រេចចិត្តចុះពិនិត្យមើលផ្ទៃដីដែលបានទិញនៅតំបន់នោះ លទ្ធផលបញ្ជាក់ថាឈ្មោះ ភួង សំអ៊ុល ពុំមានដីនៅចំណុចខាងលើដែលខ្លួនបានប្រកាសលក់ឲ្យជនរងគ្រោះនោះទេ តាមការពិតដីនោះគឺមានម្ចាស់ផ្សេងជាអ្នកគ្រប់គ្រង ។ លុះមកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឲ្យចប់ខ្លួន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបាន ទទួលប្រាក់កក់ចំនួន ៦០.០០០ម៉ឺដុល្លារពីឈ្មោះ នង ទ្រាវ ពិតប្រាកដមែន កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ តែខ្លួនមិនមានដីលក់ឲ្យជនរងគ្រោះដូចដែរបានធ្វើកិច្ចសន្យាទទួលប្រាក់កក់នោះទេ ។
ករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕