ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់គាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគាស់បន្ទប់ជួល លួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាលពីម៉ោង៨យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ក្នុងបរិវេណផ្ទះ២៨៩ ភូមិទ្រា៤ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួយ រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ការនៅផ្ទះជួល ផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ខាត់ សុភក្រ័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួលភូមិ-សង្កាត់កើតហេតុ មានស្រុកកំណើតខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុម៉ោង ៦ល្ងាច
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះមកពីធ្វើការវិញ ឃើញបន្ទប់របស់ខ្លួន ចំហទ្វារហើយមានអីវ៉ាន់រាយបាយពេញបន្ទប់ និងបាត់លេបថបម៉ាក DELL មួយគ្រឿង ដោយសង្ស័យថា មានគេគាស់បន្ទប់ ចូលគាស់បន្ទប់ជួលចូលលួច ទើបទៅដាក់ពាក្យបណ្ដឹង។

ក្រោយទទួលបានបណ្ដឹងជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវ តាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព របស់ម្ចាស់ផ្ទះ រហូតដល់ម៉ោង ៨និង៤០នាទីយប់ថ្ងៃដដែល ទើប
ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកំពុងដើរតាមផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣រួចនាំខ្លួនយកសាកសួរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចសម្ភាររបស់ជនរងគ្រោះប្រាកដមែន។

វត្ថុតាងដកហូតបានរួមមាន៖លេបថប ម៉ាក(DELL)១គ្រឿង ជារបស់ជនរងគ្រោះ ដែកលួសសសៃ ១ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសុំណុំរឿង បញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកវត្ថុតាងដកហូតបាន សមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ៕ ជ្រោយពេជ្រ


ចែករំលែក៖