ភ្នំពេញ ៖ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីអ្នកលក់ផលិតផលអនឡាញឈ្មោះ Siv Mey Online Shop នៅតែបន្តផ្អើន មិនខ្វល់ នឹងបទបញ្ជា និងអនុសាសន៍ របស់ប្រមុខរដ្ឋាភិបាលឡើយ ដោយបន្តឡាយបញ្ចេញនូវរូបភាពមិនសមរម្យមួយចំនួនដដែល។
អ្នកលក់ទំនិញ គ្រប់ប្រភេទឬតារាហ្វេសប៊ុកអ្នកនាង ស៊ីវ ម៉ីគ្រាដែលផ្សាយផ្ទាល់ លក់ផលិតផល នៅតែបន្ត ស្លៀកពាក់ស៊ិចស៊ីជ្រុល និងប្រើកាយវិការគ្មានសុជីវធម៌ ក្នុងការផ្សព្វផ្សាយ(Live) លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមដែល ធ្វើអោយប៉ះពាល់ដល់តម្លៃសីលធម៌ និងកិត្តិយសស្ត្រីខ្មែរ ។ កាយវិការទាំងនេះ ត្រូវបាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ព្រមានកាលពីពេលកន្លងទៅ។
អ្នកលេងហ្វេសបុកឃើញអ្នកនាង សៀវ ម៉ី (Live)លក់ផលិតផលបញ្ចេញភាពស៊ិចស៊ី ក្នុងការបង្ហាញ ( លាប )ផលិតផលរបស់ខ្លួន នឹងប្រើប្រាស់ពាក្យសម្តីអសុរស (ជេអ្នកនេះ អ្នកនោះ ) ជាមួយគ្នានេះដែរតែងតែដៀមដាមអ្នកនេះអ្នកនោះ។ ក្រៅពីនេះតារាហ្វេសបុករូបនេះ តែងតែដៀមដាម អ្នកមានមុខរបរលក់ផលិផលសម្រស់ដូចខ្លួន នៅក្នុងទំព័រហ្វេសបុករបស់ខ្លួនដែលធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់ឲ្យធ្វើបែបនោះឡើយ។
សូមរំលឹកផងដែរថា សម្តេច ហ៊ុន សែន ថ្លែងក្នុងឱកាស សម្តេចអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០ បញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើលនិងចាត់វិធានការរាល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួនព្រោះនេះ ពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ ។
សូមបញ្ជាក់ផងដែរថា អ្នកនាង សៀវ ម៉ី គឺជាអ្នកលក់ផលិតផលថែររក្សាសម្រស់ដ៏ល្បីមួយរូប នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់តារាល្បីៗប៉ុន្មាននោះទេ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកនាង ៕ ដោយ វឌ្ឍនា