ភ្នំពេញ៖ ដើម្បីទប់ស្កាត់ក្រុមជនខិលខូច ដែលតែងតែឆ្លៀតឱកាសលក់ឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩ ឲ្យទៅអ្នកប្រើប្រាស់ផ្ទុយពីក្រសួងសុខាភិបាលកម្ពុជាហាមឃាត់នោះ នឹងអាចត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ បើសិនជាអាជ្ញាធរ និងមន្រ្តីជំនាញរកឃើញថា មានការលួចលាក់ ។
ជាក់ស្តែង កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញខាងក្រសួងសុខាភិបាល បន្តចុះធ្វើការត្រួតពិនិត្យតាមឱសថស្ថានចំនួន៧០កន្លែង នៅប្លុកផ្សារអូឡាំពិក សង្កាត់អូរឡាំពិត ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តការខាងលើនេះ ដឹកនាំផ្ទាល់ដោយលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីមន្រ្តីជំនាញដែលចុះប្រតិបត្តិការផ្ទាល់ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ទៅនឹងក្រុមជនខិលខូចមួយចំនួនដែលតែងតែឆ្លៀតឱកាសលួចលក់ឧបករណ៍តេស្តកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់ ខណៈដែលប្រទេសកម្ពុជាកំពុងតែមានការឆ្លងមេរោគកូវីដ១៩ ។ ក្រោយជាលិទ្ធផលមន្រ្តីជំនាញត្រួតពិនិត្យរួច មិនមានថាឱសថស្ថានណាមួយមានលក់ឧបករណ៍ដែលក្រសួងហាមឃាត់នោះទេ ហេីយក្រុមការងារក៏បានណែនាំអប់រំបន្ថែមដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ជាពិសេសគឺចូលរួមសហការក្នុងការទប់ស្កាត់ការលក់ឧបករណ៍ដែលក្រសួងហាមឃាត់នេះ ។
គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថា៖ បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ជាច្រើន ត្រូវបានជនខិលខូចយកមកដាក់លក់ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ប៉ុន្តែជាក់ស្តែងរហូតមកដល់ពេលនេះ មិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ ពីអង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៅឡើយទេ ។ ដោយប្រសិទ្ធភាព នៃការធ្វើតេស្តរហ័សបែបនេះ គឺនៅទាបណាស់ ហើយក៏មានការចេញលទ្ធផលមក មិនច្បាស់លាស់ច្រើនណាស់ដែរដូចជា៖“អ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ “ ។
ក្រសួងបានបញ្ជាក់ថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។
ជាចុងក្រោយក្រសួងសុខាភិបាល បានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ៕ដោយ៖ ស រស្មី