ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់រឿងផ្លូវរទេះឃើញគូបដិបក្ខកំពុងធ្វើដំណើរក្បែរផ្ទះទាញពូថៅចោលត្រូវកញ្ចឹងក របួសធ្ងន់

ចែករំលែក៖

ខេត្តព្រៃវែង​៖​ កម្លាំង​នគរបាល​ស្រុក​ពារាំង​ ឃាត់ខ្លួន​ជនសង្ស័យជាបុរសវ័យចំណាស់​ម្នាក់​ ដោយសារប្រើហិង្សា​ដោយ​ចេតនា​ បង្ក​របួស​ស្នាមដល់អ្នកដទៃ​ ដោយ​យក​ពូថៅ​ចោល​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​កញ្ចឹងក​ បណ្ដាល​ឲ្យ​របួសធ្ងន់​ មូលហេតុ​ទំនាស់​ដី​ផ្លូវ​រទេះ​

ហេតុ​ការណ៍​នេះបាន​កើតឡើង​ កាលពី​វេលា​ម៉ោង​​និង​២០​នាទីល្ងាច ថ្ងៃអាទិត្យ ៦កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹង​ ថ្ងៃ​ទី​ ២៩​ ខែមីនា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ត្រង់​ចំណុច​ ភូមិ​ពារាំង​ ឃុំ​រាប​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ។​

មន្ត្រី​នគរបាល​ស្រុក​ពារាំង​បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​ឈ្មោះ​ ផា​ ភី​ ភេទ​ប្រុស​ អាយុ​ ៤៤​ឆ្នាំ​ រស់នៅ​ភូមិ​ពារាំង​ ឃុំ​រាប​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ។​ ចំណែកឯ​ជន​បង្ករ​ឈ្មោះ​ ស្បោង​ រឿ​ន​ ភេទ​ប្រុស​ អាយុ​ ៧២​ឆ្នាំ​ រស់នៅ​ភូមិ​ពារាំង​ ឃុំ​រាប​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ។​ នៅពេលម៉ោងកើតហេតុខាងលើជនរងគ្រោះបានធ្វើដំណើរតាមផ្លូវរទេះ ក្បែរផ្ទះជនសង្ស័យ ដែលកន្លងមកជនរងគ្រោះនិងជនសង្ស័យមានទំនាស់យូរមកហើយ។

ដោយឃើញជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវរទេះបែបនេះ ជនសង្ស័យបានទាញពូថៅដងឈើប្រវែងជាងកន្លះម៉ែត្រ ចោលសំដៅជនរងគ្រោះបណ្តាលឲ្យត្រូវចំ​កញ្ចឹងក​ របួសធ្ងន់ ហើយត្រូវក្រុមគ្រួសារដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ។

រីឯជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំរាប ឃាត់ខ្លួនជាមួយវត្ថុតាងពូថៅមួយដើម ដើម្បីកសាង​សំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកពារាំង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕ សហការី


ចែករំលែក៖