ក្រុមប្រដាប់អាវុធហ៊ូធីបានប្រកាសវាយប្រហារលើរោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីត និងទីតាំងរបស់កងកម្លាំងរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយប្រទេសជិតខាង។
អ្នកនាំពាក្យហ៊ូធី លោក Yahya Saree បានប្រកាសនៅថ្ងៃនេះថា “យើងបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Aramco ក្នុងទីក្រុង Jizan ដោយយន្តហោះគ្មានមនុស្សបើក ហើយបានវាយប្រហារគោលដៅរបស់យើង។ នេះជាការឆ្លើយតបទៅនឹងយន្តហោះគ្មានមនុស្សបើករបស់អារ៉ាប៊ីសាអូឌីតដែលរំលោភលើដែនអាកាសរបស់យើងនៅក្នុងខេត្ត Saada និង Hajjah”។
ទីក្រុង Jizan គឺជាទីក្រុងកំពង់ផែមួយដែលមានទីតាំងនៅភាគខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត ជិតព្រំដែនជាមួយប្រទេសយេម៉ែន។
ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតពីមុនបានបញ្ជាក់ថា ក្រុមអ្នកពន្លត់អគ្គីភ័យបានពន្លត់ភ្លើងដែលបានឆាបឆេះនៅកន្លែងមួយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋ Aramco ក្នុងទីក្រុង Jizan ដោយគ្មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុនៃអគ្គីភ័យមិនត្រូវបានបង្ហាញទេ។
នៅថ្ងៃដដែលនោះ ក្រុមហ៊ូធីបានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រាប់ដែលកំណត់គោលដៅ “ឃ្លាំងអាវុធអារ៉ាប៊ីសាអូឌីត” នៅក្នុងទីក្រុងកំពង់ផែ Mokha របស់យេម៉ែន នៅលើឆ្នេរសមុទ្រក្រហម។ ក្រុមនេះបានអះអាងថាបានបង្កការខូចខាតដល់ឧបករណ៍យោធា ដែលបណ្តាលឱ្យទាហានសត្រូវរាប់សិបនាក់ត្រូវបានសម្លាប់ និងរងរបួស រួមទាំងទាហានអារ៉ាប៊ីសាអូឌីតផងដែរ។
លោក Saree បានបញ្ជាក់ថា ក្រុម Houthi នឹងមិនអនុញ្ញាតឱ្យទីក្រុង Riyadh សម្រេចបាននូវគោលបំណងរបស់ខ្លួនឡើយ។ លោក Saree បានមានប្រសាសន៍ថា “យើងនឹងបន្តតាមដាន និងត្រួតពិនិត្យចលនាទាំងអស់របស់អារ៉ាប៊ីសាអូឌីត រួមទាំងការចល័តកងទ័ព ដើម្បីបើកការវាយប្រហារដោយផ្ទាល់ និងច្បាស់លាស់ប្រឆាំងនឹងពួកគេ”។
ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រមួយនៅក្នុងទីក្រុង Mokha ដែលជាទីក្រុងមួយដែលគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ បាននិយាយថា ទាហានប្រាំបីនាក់ និងជនស៊ីវិលបីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុម Houthi។ ក្នុងចំណោមអ្នករងរបួសទាំង 32 នាក់ មានជនស៊ីវិលប្រាំមួយនាក់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច