ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយនាំកូនប្រុសស្រី២នាក់ ទៅវាយប្រពន្ធចុងដល់ផ្ទះ ត្រូវនគរបាលចាប់ខ្លួនទាំង៣នាក់

ចែករំលែក៖

កោះកុង៖ ស្ត្រីម្នាក់ ក្រោយដឹងថាប្តីលួចមានប្រពន្ធចុង ទ្រាំមិនបានក៏នាំកូនប្រុសស្រី២នាក់ទៅវាយស្រីប្តីដល់ផ្ទះរួចនាំគ្នាគេចខ្លួនបាត់ ក្រោយមកជនរងគ្រោះទៅប្តឹងសមត្ថកិច្ចឲ្យស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនទាំង៣នាក់ យកមកសាកសួរ និងចាត់ការតាមច្បាប់។មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តកោះកុង បានឲ្យដឹងថា កម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាដោយចេតនា និងបណ្ដាលឲ្យហើមជាំលើផ្ទៃមុខជនរងគ្រោះ និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ វេលាម៉ោង ៦និង៣០នាទីព្រឹកកាលពីថ្ងៃអាទិត្យ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ចំណុចភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ។

ជនរងគ្រោះឈ្មោះ ឆេង ណែត ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ (ប្រពន្ធចុង)។ ចំណែកជនសង្យ័យឈ្មោះ អ៊ូ សេ ភេទស្រី (ប្រពន្ធដើម) និងកូនៗចំនួន ០៥នាក់ទៀត មិនស្គាល់ឈ្មោះ មានទីលំនៅភមិថ្មស ឃុំថ្មស បាននាំគ្នាព្រួត វាយទៅលើជនរងគ្រោះបណ្ដាលឲ្យហើមជាំលើផ្ទៃមុខ និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ និងបានវាយបំបែកទូ យកខ្សែដៃ មាសមួយខ្សែ មានទម្ងន់១ដំឡឹង,ខ្សែកមាសចំនួន២ខ្សែ ទម្ងន់២ដំឡឹង៦ជី,ចិញ្ជៀនមាស១វង់ ទម្ងន់៣ជី សរុបចំនួនទម្ងន់ ៣ដំឡឹង ៩ជីនិងប្រាក់ចំនួន ៩៥០,០០០ រៀល (កៅសិបប្រាំម៉ឺនរៀល)

ក្រោយកើតហេតុជនរងគ្រោះទៅប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់ ។ លុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឃាត់ខ្លួន ជនដៃដល់បានធ្វើសកម្មភាពចំនួន ០៣នាក់តែម្តង ។

ជនសង្ស័យទាំង៣នាក់នេះ ទី១/ឈ្មោះ អ៊ូ សេ ភេទស្រី អាយុ ៤៦ឆ្នាំ (ម្ដាយ)។ ទី២/ឈ្មោះភន ហៀង ភេទស្រី អាយុ២៦ឆ្នាំ (កូនស្រី)។ និងទី៣/ឈ្មោះ ភន ម៉ៅ ភេទប្រុសអាយុ២៥ឆ្នាំ (កូនប្រុស)

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្នស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតិវិធី៕  សហការី


ចែករំលែក៖