ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលកាន់តែវីវររដ្ឋមន្ត្រីសុខាភិបាល និងភរិយាឆ្លងកូវីដ-១៩

ចែករំលែក៖

អ៊ីស្រាអែលជាប្រទេសមានពលរដ្ឋតិច ហើយមានសត្រូវច្រើននៅជុំវិញ។ ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ គឺជាបញ្ហាប្រឈមមុខយ៉ាងខ្លាំងដល់ប្រទេសនេះ។ នៅពេលនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិង ភរិយាបានឆ្លងកូវីដ-១៩។
សារព័ត៌មាន Al Jazeera នៅថ្ងៃទី ២ខែមេសាបានផ្សាយថា៖ រដ្ឋមន្ត្រីសុខាភិបាលអ៉ីស្រាអែល លោក យ៉ាអាកូវ លីតស៍មែន (Yaakov Litzman) និងភរិយា ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19។  ការឆ្លងនេះអាចនឹងមានមន្ត្រីជាច្រើនរូបទៀតរបស់អ៊ីស្រាអែល អាចឆ្លងកូវីដ-១៩ ដូចគ្នា ។
ការិយាល័យរដ្ឋមន្ត្រីសុខាភិបាលអ៉ីស្រាអែល បានឱ្យដឹងទៀតថា បច្ចុប្បន្នលោក Litzman មានអាយុ ៧១ឆ្នាំ និងភរិយាមានសុខភាពល្អធម្មតា ដោយមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរនោះទេ ហើយអ្នកទាំងពីរកំពុងទទួលការព្យាបាល ក្រោមការអនុវត្តវិធានការនៅដាច់ដោយឡែក។ លោក Litzman ដែលជាមន្ត្រីអ៉ីស្រាអែលជាន់ខ្ពស់បំផុតម្នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមានចំពោះ COVID-19 នឹងបន្តធ្វើការពីផ្ទះរបស់លោក។
គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយ អ៉ីស្រាអែលមានអ្នកឆ្លង COVID-19 កើនដល់ ៦,០៩២នាក់ ក្នុងនោះ ២៥នាក់បានស្លាប់, ២៤១ជាសះស្បើយ និង ៩៥នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕

ដោយ៖ ធីរីណា


ចែករំលែក៖