ខេត្តព្រះវិហារ៖ គ្រោះធម្មជាតិមួយកើតឡើងដោយភ្លៀងផ្គរខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះមួុយខ្នងរបើកដំបូលមួយចំហៀងនិងមនុស្សម្នាក់បានបាត់បង់ជីវិតដោយរន្ទះបាញ់។
ឧប្បត្តិហេតុនេះកើតឡើងកាលពីរសៀលទី៧ខែមេសាឆ្នាំ២០២០នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពព័ត៌មានពីអាជ្ញាធរស្រុកជាំក្សាន្តបានអោយដឹងថា គ្រោះធម្មជាតិនេះបានកើតឡើងក្នុងឃុំចំនួន២គឺទី១នៅតំបន់ទំនប់ក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្តបណ្តាលអោយស្រី្តម្នាក់ឈ្មោះ សួស ណាទ្រី អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុ មុខរបរកសិករត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័មពេលដើរទៅដឹកគោបម្រុងយកមកផ្ទះ។
ចំណែកឧប្បត្តិហេតុទី២ ភ្លៀងលាយឡំខ្យល់កន្ត្រាក់បោកបក់មកលើភូមិ-ឃុំ-ស្រុកជាំក្សាន្តបណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋមួយចំហៀងទៅធ្លាក់ឆ្ងាយពីផ្ទះប្រហែល៣០ម៉ែត្រប៉ុន្តែពុំបណ្តាលអោយរងរបួសមនុស្សនោះទេ។ផ្ទះនេះជាផ្ទះរបស់ឈ្មោះអេង រិទ្ឋីណែត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅកន្លែងកើតហេតុខាងលើ។
ក្រោយកើតហេតុអាជ្ញាធរមូលដ្ឋានបានចុះទៅត្រួតពិនិត្យនិងស្រង់ស្ថិតិការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋព្រមទាំងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ៖ ប្រាថ្នា