ប្រទេសចិន៖ កូវីដ-១៩បានធ្វើឲ្យទីក្រុងវូហានទាំងមូល ក្លាយជា«ពន្ធនាគារអត់ជញ្ជាំង» ពលរដ្ឋនៅក្នុងទីក្រុងទាំងអស់ ត្រូវនៅក្នុងផ្ទះ មិនអាចចេញទៅក្រៅបានឡើយ។ តែក្រោយការគ្រប់គ្រងស្ថានភាព បានទាំងស្រុង ដោយមិនមានអ្នកឆ្លងនិងស្លាប់ រដ្ឋាភិបាលបានសម្រេច លុបចោលច្បាប់បម្រាមគោចរ ផ្តល់សេរីភាពឡើងវិញ ដល់ពលរដ្ឋក្នុងទីក្រុងទាំងមូល។
ដូច្នេះទីក្រុងវូហាន មានរាត្រីCountdown ជាថ្មីនៅវេលាម៉ោង០ឈានចូលថ្ងៃទី៨ខែមេសា ជាពេលវេលា ដ៏រីករាយបំផុត របស់ពលរដ្ឋ ក្នុងទីក្រុងនេះ ក្រោយរយពេល៧៧ ថ្ងៃបិទទីក្រុងនេះទាំងមូល។ ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រីចិន បាននិយាយទៅកាន់ពលរដ្ឋនៅទីក្រុងវូហានថា ត្រូវតែមានស្មារតីក្នុងការទប់ស្កាត់ កូវីដ-១៩ កុំឲ្យវាកើតឡើងម្តងទៀតនៅទីក្រុងវូហាន។
ប៉ុន្តែមន្ត្រីក្នុងទីក្រុងបានស្នើដល់ពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែសនោះឡើយ។ ពលរដ្ឋទាំងអស់នៅទីក្រុងវូហានត្រូវនៅក្នុងផ្ទះចាប់តាំងពីថ្ងៃទី ២៣ខែ មករា ក្រោយការឆ្លងរាលដាលកូវីដ-១៩ កាន់តែខ្លាំង ។
ជាមួយនឹងការលុបច្បាប់បម្រាមខាងលើ ប្រព័ន្ធចរាចរណ៍ នានា នឹងតភ្ជាប់ដំណើរការឡើងវិញ ក្នុងនោះមានទាំងអាកាសយានដ្ឋាន ផ្លូវដែក ផ្លូវទឹក រថយន្តក្រុង … ។ ប៉ុន្តែមន្ត្រីក្នុងតំបន់ បានស្នើមិនត្រូវចេញពីតំបន់ដែលខ្លួនរស់នៅឡើយ បើមិនមានការចាំបាច់ ដោយសារតែ កូវីដ-១៩ មិនទាន់រលាយទាំងស្រុងនៅឡើយទេ អាចផ្ទុះឡើងវិញគ្រប់ពេលវេលា ។
សារព័ត៌មាន AFP បានផ្សាយនៅថ្ងៃទី៨ខែមេសាថា ក្រោយពេល ដែល ច្បាប់ហាមប្រាមត្រូវបានដកចេញភ្លាម ពលរដ្ឋ រាប់សិបពាន់នាក់ បាននាំគ្នា សម្រុកទៅកាន់ស្ថានីយ៍រថភ្លើង ដើម្បីចាកចេញពីទីក្រុងវូហាន ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានពលរដ្ឋ៥៥ ពាន់នាក់ បាន ចាកចេញពីទីក្រុងនេះ ។
កាលពីថ្ងៃទី ៧ ខែមេសា ជាលើកទីមួយ ដែលចិនមិនមានករណីស្លាប់ ដោយសារកូវីដ-១៩។នេះជាសញ្ញាក៏ល្អបំផុតរបស់ចិន ខណៈប្រទេសលោកខាងលិច មានអាមេរិកនិងអឺរ៉ុប ស្ថិតនៅចំណុចកំពូលនៃការផ្ទុះកូវីដ១៩ ដោយមានអ្នកស្លាប់ ជាច្រើនក្នុង១ថ្ងៃៗ៕ដោយ៖ធីរីណា