ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាទើបចេញពីពន្ធនាគារម្នាក់ ស្រវឹងស្រាជោគជាំបានយកពូថៅកាប់ទៅលើជីតាខ្លួនឯងចំនួន៣ពូថៅដោយពុំដឹងមូលហេតុ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ត្រូវបានសមត្ថកិច្ចស្រុកមុខកំពូលធ្វើការឃាត់ខ្លួន ។ ករណីប៉ុនប៉ងឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ អុល សំអ៊ាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ យី ផល្លី ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល (រងរបួសចំលើក្បាលផ្នែកខាងមុខ១កន្លែង របួសគុម្ពត្រចៀកខាងឆ្វេង១កន្លែង និងជង្គង់ខាងស្ដាំមួយកន្លែង ) ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែលាងឆ្នាំងដាំបាយនៅលើផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យខាងលើបានយកពូថៅកាន់នូវនឹងដៃដោយមានសភាពស្រវឹងស្រាជោគជាំឡើងទៅលើផ្ទះជនរងគ្រោះ រួចកាប់ទៅលើជនរងគ្រោះចំនួន៣ពូថៅ ចំលើក្បាលផ្នែកខាងមុខ១កន្លែង ,ចំគុម្ពត្រចៀកខាងឆ្វេង១កន្លែង និងចំជង្គង់ខាងស្ដាំមួយកន្លែងដោយពុំដឹងមូលហេតុ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាជីតារបស់ខ្លួនរួច ជនសង្ស័យក៏ចុះមកក្រោមផ្ទះវិញ ហើយអង្គុយលើអង្រឹងជនរងគ្រោះធ្វើជាធម្មតា ។ លុះដល់វេលាម៉ោង១៧និង០០នាទី ឈ្មោះ យី យន ដែលត្រូវជាសាច់ញាតិជនសង្ស័យ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបងថានូវការណីខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅទៅកាប់លើជនរងគ្រោះពិតប្រាកដមែន ។
សុំបញ្ជាក់ថា ជនសង្ស័យកន្លងមកធ្លាប់មានប្រវត្តិជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល២ឆ្នាំ តែជនសង្ស័យអនុវត្តទោសក្នុងពន្ធនាគារបានរយៈពេល៨ខែ ទោសសល់ពីនេះត្រូវបានព្យួរជាធម្មតា ដោយជាប់ចោទពីបទហិង្សាដោយចេតនា ។ ជនសង្ស័យត្រូវបានដោះលែងចេញពីពន្ធនាគារនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានដីកាបង្គាប់ឱ្យដោះលែងលេខ៦៤៨អ.ក/១៩ ដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ៕ដោយ៖ស្អាងជ័យ