ប្រទេសអង់គ្លេស៖ សារព័ត៌មានស៊ីនហួនៅថ្ងៃទី១០ខែមេសាបានផ្សាយថា៖ នាយករដ្ឋមន្ត្រី បានចាកចេញពីបន្ទប់សង្គ្រោះហើយ ក្រោយស្ថានភាព ជំងឺកូវីដ១៩ របស់លោក ល្អប្រសើឡើងវីញហើយ។ ប៉ុន្តែលោកបាននៅក្នុងមន្ទីរពេទ្យដដែលដើម្បីតាមដានជាបន្តទៀត។
អ្នកនាំពាក្យរាជរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា៖ នាយករដ្ឋមន្រ្តី Johnson កំពុងបន្តទទួលការព្យាបាលយ៉ាងដិតដល់បំផុត នៅក្នុងដំណាក់កាលដំបូង នៃការស្តារសុខភាពលោកឡើងវិញ។
បច្ចុប្បន្ន លោកនាយករដ្ឋមន្រ្តីអង់គ្លេស កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យSt Thomas ដែលស្ថិតនៅភាគកណ្តាលទីក្រុងឡុងដ៍។ រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោក Dominic Raab កំពុងកាន់ការងារជំនួសលោក ជាបណ្តោះអាសន្ន។ រដ្ឋមន្ត្រីការបរទេសក៏បានបញ្ជាក់ពីសុខភាព ល្អប្រសើររបស់នាយករដ្ឋមន្ត្រីផងដែរ។
លោក Boris Johnson ត្រូវបានធ្វើតេស្តវិជ្ជមាននៃ COVID-19 កាលពីថ្ងៃទី២៦ ខែមីនា ហើយរយៈពេល ១០ថ្ងៃកន្លងផុតទៅ លោកនៅតែមានរោគសញ្ញាដដែល។ ទីបំផុតលោកក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃ៥ខែមេសា ហើយនៅថ្ងៃទី៦លោកក៏ ត្រូវបានបញ្ជូនចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU) និងបំពាក់ឧស្ម័នអ៊ុកស៊ីហ្សែន ដើម្បីជំនួយដល់ការដកដង្ហើម។ ការវិវឌ្ឍន៍សុខភាពឆ្ពោះទៅរកភាពល្អប្រសើរឡើងវិញ គឺជារឿងល្អបំផុតរបស់ពលរដ្ឋអង់គ្លេស ក៏ដូចជាក្តីសង្ឃឹមយកឈ្នះក្នុងសង្គ្រាម កូវីដ១៩ នាពេលឆាប់ៗខាងមុខ៕ ធីរីណា