ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចូលឆ្នាំថ្មី ហង្សសម្បើមស័ក្តជួបទុក្ខធំម្តាយបង្កើតទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ សិល្បករជាច្រើនបានបង្ហារ និងអារម្មណ៍សោកស្តាយក្រោយពីម្តាយបង្កើតរបស់តារាសម្តែង ហង្ស សម្បើមស័ក្តទទួលមរណភាពព្រោះតែជំងឺប្រចាំកាយកាលពីរសៀលថ្ងៃទី១៥ ខែមេសាឆ្នាំ ២០២០នេះ។

លោក ហង្ស សម្បើម​ស័ក្ដ ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថាលោក​មាន​ម្ដាយ​ជរា​ម្នាក់​មាន​កើត​ជំងឺ​មហារីក ហើយ​លោក​ប្រឹង​ប្រែងធ្វើ​ការងារ​សិល្បៈ​ទាំង​ឡាយ ដើម្បី​បាន​ប្រាក់​មក គឺ​គ្រាន់​តែ​ទុក​មើល​ថែនិង​ព្យាបាល​អ្នក​មាន​គុណ​ប៉ុណ្ណោះ។

អ្នកសិល្បៈបង្ហើបថាកន្លងទៅតារាសម្តែងរូបនេះប្រឹងប្រែងនឹងការងារគ្រប់មុខឲ្យតែអាចរកប្រាក់ចំណូលបានដើម្បីទប់ទល់នឹងជីវភាព បើទោះបីជាការងារខ្លះដូចជាការលក់ប្រហិតតាមផ្លូវជាដើម។

ប្រភពថាកម្មវិធីសប្បាយមួយចំនួនធំត្រូវបានតារារូបនេះកាត់បន្ថយដើម្បីមានពេលវេលារកស៊ី និងជួយមើលថែម្តាយដែលមានជំងឺមហារីកប្រចាំកាយ ដែលត្រូវការការថែទាំ ហើយជាញឹកញាប់តារាសម្តែង និងពិធីកររូបនេះបានចំណាយថវិកាច្រើនដើម្បីនាំម្តាយទៅមន្ទីរពេទ្យនៅប្រទេសថៃជាប្រចាំ។ ដំណឹងនៃការមើលថែទាំម្តាយចាស់មានជំងឺក៏ធ្លាប់ត្រូវបានតារាសម្តែងវ័យ៣៤ឆ្នាំរូបនេះទម្លាយក្រោយពីលេចទំនាស់នឹងផលិតកម្មមហាហង្សដែលខកខានក្នុងការបើកប្រាក់ឈ្នូលថតភាពយន្តផងដែរ។ ប្រភពពីអ្នកសិល្បៈលើកឡើងថា បើទោះបីជាអ្នកសិល្បករជាច្រើនសម្រាកពីការងារសិល្បៈក្តីក៏តារារូបនេះបន្តថតភាពយន្តរឿង”កូនឥតខាន់ស្លា” របស់ផលិតកម្មសាស្ត្រា រហូតដល់ថ្ងៃចូលឆ្នាំ និងរហូតមានអ្នកទូរស័ព្ទហៅក្រោយពេលស្ថានភាពម្តាយររបស់លោកមិនប្រក្រតី។

សព​ម្ដាយ​របស់​លោក ហង្ស សម្បើម​ស័ក្ត ត្រូវ​បាន​ក្រុម​គ្រួសារយក​ទៅ​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ទួល​សង្កែ។ ក្នុងនោះមានបណ្ដាសិល្បករសិល្បការិនី និងអ្នកលេងបណ្ដាញសង្គម​បានបង្ហាញ​នូវសាររំលែក​ទុក្ខ​ជាហូរហែ​ចំពោះ​តារាសម្ដែង​លោក ហង្ស សម្បើម​ស័ក្តិ ខណៈ​នៅ​ថ្ងៃ​នេះលោក​បាន​ជួប​ទុក្ខ​ធំ​ម្ដាយជាទីស្រលាញ់​បាន​​លា​ចាក​លោក ក្រោមការសោកស្ដាយ​ពីគ្រួសារ​យ៉ាងអាឡោះអាល័យ ៕ ដោយ វឌ្ឍនា

 


ចែករំលែក៖