ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ដោយសារថ្ងៃនេះអាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
សម្តេចបន្តថា៖ ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលដ្ឋនិងកូនក្មួយកម្មករកម្មការនីយកចិត្តទុកដាក់ចេះការពារសុខភាពផ្ទាល់ខ្លួនកុំអោយឆ្លងរោគកូវីដ-១៩ ដោយពាក់ម៉ាស់ និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុលឬជែលកម្ចាត់មេរោគ ជាពិសេសក្នុងពេលជិះរថយន្តជាមួយអ្នកធ្វើដំណើរច្រើននាក់ជុំគ្នាក្នុងរថយន្តឈ្នួលតែមួយ។
សម្តេចក៏សូមអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិដែលបានយោគយល់ដល់ការដាក់បម្រាមមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តបណ្តោះអាសន្នរយៈពេលខ្លីកន្លងទៅនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ -១៩ នៅក្នុងប្រទេសជាតិយើង។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២០ នេះ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖សុខខេមរា