កណ្ដាល៖ ជនសង្ស័យម្នាក់ យកកាំបិតកាប់ទៅលើបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯមចាប់ខ្លួន ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន ចន្ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ។ ចំណែកជនរងគ្រោះឈ្មោះ ហេង មុន្នី ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់កញ្ចក់ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ សួន ចន្ធី បានជិះម៉ូតូជាមួយបក្ខពួកខ្លួនចំនួន៤គ្រឿង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឈ្មោះហេង សុឈីត ត្រូវជាប្អូនជនរងគ្រោះបានរត់កាត់ផ្លូវពីក្រោយម៉ូតូរបស់បក្ខពួកជនសង្ស័យពេលនោះ ជនសង្ស័យគិតថាឈ្មោះ ហេង សុឈីត នោះ វាយគ្នារបស់ខ្លួន ក៏ចុះពីម៉ូតូកាន់កំបិតដែលដាក់តាមម៉ូតូមកជាមួយ រត់ដេញតាមឈ្មោះហេង សុឈីត ហើយស្រែកថាអាណាវាយគ្នាអញ ស្របពេលនោះជនរងគ្រោះឈ្មោះ ហេង មុន្នី ដែលអង្គុយហូបបាយក្រោមផ្ទះហើយដើរចេញពីក្រោមផ្ទះ ត្រូវបានជនសង្ស័យកំពុងរត់ដេញតាមឈ្មោះ ហេង សុឈីត បានជួបជនរងគ្រោះ ភ្លាមនោះជនសង្ស័យក៏បានកាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ។
បន្ទាប់ពីកម្លាំងនគរបាលទទួលព័ត៌មានខាងលើ ភ្លាមនោះ ក៏ចុះដល់កន្លែងកើតហេតុ និងធ្វើការចាប់ខ្លួនជនដៃដល់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាង ជ័យ