តូក្យូ៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានសម្រេចប្រកាសដាក់ប្រទេសជប៉ុនទាំងមូលតែម្តង ទៅក្នុងគ្រាមានអាសន្ន ដោយសារស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅតែមិនមានភាពធូរស្រាល។
គួររំលឹកថា កាលពីថ្ងៃទី០៧ ខែមេសា លោក ស៊ីនហ្សូ អាបេ បានប្រកាសដាក់ទីក្រុងនិងខេត្តសរុបចំនួន៧ ក្នុងនោះរួមមានទាំងទីក្រុងតូក្យូ ទៅក្នុងគ្រាមានអាសន្ន សម្រាប់រយៈពេលមួយខែ គឺដល់ថ្ងៃទី០៦ ខែឧសភា។ យ៉ាងណាមិញ ក្នុងកិច្ចប្រជុំពិសេសមួយនៅថ្ងៃនេះ ជាមួយក្រុមអ្នកជំនាញផ្នែកសុខាភិបាល លោក អាបេ បានលើកឡើងថា ប្រទេសជប៉ុនទាំងមូល នឹងត្រូវដាក់ទៅក្នុងគ្រាអាសន្ន គឺពង្រីកបន្ថែមពីលើ៧ទីក្រុងនិងខេត្ត ដែលត្រូវបានដាក់ក្នុងគ្រាអាសន្ននាពេលកន្លងមក ប៉ុន្តែរយៈពេលនៅដដែល គឺដល់ថ្ងៃទី០៦ ខែឧសភា។
គួរជម្រាបថា យោងតាមទិន្នន័យវែបសាយ Worldometers ចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅប្រទេសជប៉ុន មាន៨,៦២៦នាក់ ក្នុងនោះស្លាប់១៧៨នាក់ និងជាសះស្បើយ៩០១នាក់៕ស តារា