ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែស្រែកច្រៀងបទ “ធ្វើម្ដេចយើងក្រ” កំដរការអផ្សុក ត្រូវស្រ្តីម្នាក់ ដើរឆ្លងផ្លូវទៅទះ២កំផ្លៀងផ្អើលឈុល

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ គ្រាន់តែខ្លួនស្រែកច្រៀងលេងបទ “ធ្វើម្ដេចយើងក្រ មិនហ៊ានឈរសូម្បីក្បែរគេ “ ដើម្បីកំដរការអផ្សុកនៅកន្លែងលាងម៉ូតូ ស្រាប់តែស្ត្រីម្នាក់ ជាថៅកែលាងម៉ូតូផ្សេងទៀតដែលនៅក្បែរគ្នា សង្ស័យខឹងរឿងដណ្ដើមភ្ញៀវក៏ដើរមកទះ២កំផ្លៀង បន្សល់ទុកអនុស្សាវរីយ៍ ហើយគេចខ្លួនបាត់៤ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះទៅឃាត់ខ្លួន បានកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២ និង៣០នាទីរសៀល យោងតាមបណ្ដឹងរបស់ជនរងគ្រោះ រួចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។

ករណីអំពើហិង្សាដោយចេតនា (ទំនាស់វាយបណ្តាលឲ្យរបួស) បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៣MC ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ប៊ី មារតី ហៅ ស្រីម៉ុច ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៦A ផ្លូវ៣៩MC ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររកស៊ី លាងម៉ូតូ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ មាន ហៅ រ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២ ផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករលាងម៉ូតូ ។

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី ជនរងគ្រោះឈ្មោះ ម៉ៅ មាន ហៅ រ័ត្ន ភេទ ប្រុស អាយុ១៤ឆ្នាំ បានឈរហៅភ្ញៀវឲ្យចូលមកកន្លែងលាងម៉ូតូរបស់ខ្លួន នៅចំណុចនៅផ្លូវលេខ៣៩MC ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពេលនោះជនសង្ស័យឈ្មោះ ប៊ី មារតី ហៅ ស្រីម៉ុច ភេទស្រី អាយុ៣៩ឆ្នាំ (ជាម្ចាស់កន្លែងលាងម៉ូតូនៅទល់មុខគ្នា) បានខឹងស្តីបន្ទោសទៅជនរងគ្រោះ ដែលដើរមកហៅភ្ញៀវរបស់ខ្លួនចេញពីកន្លែងខ្លួន ក៏មានទំនាស់ពាក្យសម្តីគ្នា ។ ក្នុងពេលនោះជនសង្ស័យបានដើរចូលទៅវាយជនរងគ្រោះឈ្មោះ ម៉ៅ មាន ហៅ រ័ត្ន បណ្ដាលឲ្យដាច់រលាត់ស្បែកកខាងស្ដាំ ហើយជនសង្ស័យឈ្មោះ ប៊ី មារតី ហៅស្រីម៉ុច ភេទស្រី អាយុ៣៩ឆ្នាំ បានគេចខ្លួនបាត់ទៅ ។

ប្រភពដដែលបន្តថា យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព ជនរងគ្រោះបានឈរជូតម៉ូតូបណ្ដើរ និងដើរស្រែកច្រៀងរាំលេងតាមបទចម្រៀងបណ្ដើរ លុះពេលស្រែកច្រៀងបទ ធ្វើម៉េចយើងក្រ មិនហ៊ានឈរសូម្បីក្បែរគេ ស្រាប់តែស្ត្រីជនសង្ស័យដើរឆ្លងផ្លូវមកទះពីរកំផ្លៀងតែម្ដង ។ បន្ទាប់ពីកើតហេតុជនរងគ្រោះឈ្មោះ ម៉ៅ មាន ហៅរ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវបានឈ្មោះ តេង គឹមរ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ ជាអាណាព្យាបាល នាំមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមផ្លូវច្បាប់ ។

លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា លុះមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២ និង៣០នាទីរសៀល កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានកោះហៅជនសង្ស័យឈ្មោះ ប៊ី មារតី ហៅ ស្រីម៉ុច ភេទស្រី អាយុ៣៩ឆ្នាំ យកមកធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ហើយក៏បានឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី ដោយបានការឯកភាពពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ប៊ី មារតី ហៅស្រីម៉ុច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ដោយ៖ ស តារា


ចែករំលែក៖