ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានភ្លៀងមួយមេនៅក្រុងព្រះសីហនុ តំបន់មួយចំនួនទទួលរងការជន់លិចដោយទឹកភ្លៀងដដែល ពេលរដ្ឋបាលខេត្តកំពុងធ្វើការស្ដារអូរប្រឡាយប្រព័ន្ធលូមិនទាន់រួចចរាល់។
បច្ចុប្បន្នក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការស្ដារអូរប្រឡាយនៅទូទាំងក្រុងព្រះសីហនុ ដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង ដែលតែងតែបង្កឡើងជន់លិចលំនៅឋានផ្លូវថ្នល់តំបន់ទំនាបមួយចំនួននាពេលកន្លងមក។ ការងារស្តារប្រព័ន្ធអូរ ប្រឡាយបានជួបបញ្ហាប្រឈមជាច្រើនដូចជាបញ្ហាការសាងសង់សំណង់ លំនៅដ្ឋានតូចធំ ដែលបង្កឱ្យមានការកកស្ទះបាត់ផ្លូវទឹក។ តែទោះជាយ៉ាងណា មកដល់ពេលនេះក្រុមការងារបានធ្វើការកាយស្ដារប្រឡាយអូរ បានប្រមាណជា ៨០ ភាគរយហើយ ប៉ុន្តែមិនទាន់ទប់ទល់ជំនន់ទឹកភ្លៀងបាននៅឡើយទេ។ ជាក់ស្តែងដូចជាតំបន់មួយចំនួនក្នុងពេលប៉ុន្មានថ្ងៃនេះ គ្រាន់តែទឹកភ្លៀងធ្លាក់តែមួយមេសោះ ក៏បានជន់លិចដដែល។
ប្រជាពលរដ្ឋ មួយចំនួនសង្កេតឃើញថាក្រុមការងារស្តារអូរប្រឡាយតាំងពីអូរ១ដល់អូរ៤ គឺមានភាពរលូនទោះបីជួបបញ្ហាសំណង់តូចធំយ៉ាងណាក៏ដោយ។ អាជ្ញាធរបានធ្វើការវាយកម្ទេចដើម្បីស្ដារបានយ៉ាងធំទូលាយ ប៉ុន្តែនៅចំណុចអូ៥ ក្រុមការងារមិនបានកាយគម្របលូដែលធ្វើពីលើអូដើម្បី បើកផ្លូវទឹក ឲ្យបានធំទូលាយនៅឡើយទេ នេះជាបញ្ហាមួយដែលត្រូវពិនិត្យឡើងវិញ ពិព្រោះប្រព័ន្ធអូរដ៏តូចនេះមិនអាចទប់ទល់ជាមួយជំនន់ទឹកភ្លៀង ក្នុងរដូវវស្សាបានទេ។ ជាក់ស្តែងគ្រាន់តែ ភ្លៀងធ្លាក់មួយមេតិចតូចសោះ ចរន្តទឹកហូរ ចាប់ផ្តើមស្ទះបណ្តើរ ហើយចុះទំរាំភ្លៀងធ្លាក់ជាប្រចាំ មិនដឹងជាយ៉ាងណានៅទេ ច្បាស់ជាត្រូវទឹកភ្លៀងជនលិច ខូចខាតទ្រព្យសម្បត្តិ ដូចឆ្នាំកន្លងទៅគេចមិនផុតនោះឡើយ។
លោកអភិបាលក្រុង្រះសីនុបានលើកឡើងថា ទីតាំងគម្របពីលើអូរ៥ ប្រវែងជាង ១០០ ម៉ែត្រនេះ គឺមាន
ច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្ត ដូច្នេះអាជ្ញាធរក្រុងមិនមានសមត្ថភាពក្នុងការស្ដាទីតាំងនេះឡើយ។
លោក ជា វិជ្ជៈអភិបាលរងខេត្តនិងជាប្រធានក្រុមការងារស្ដារអូរប្រឡាយបានលើកឡើងថា ចំពោះទីតាំងគំរបដែលធ្វើពីលើអូ ៥ស្ថិតនៅក្នុងភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុនេះ គឺមិនមាននៅក្នុងគម្រោងស្ដារប្រព័ន្ធអូរប្រឡាយនោះទេ ព្រោះទីតាំងដែលបានចាក់គម្របពីលើអូនរនេះគឺមានច្បាប់ត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា អូរប្រឡាយមេសំខាន់២ ក្នុងការរំដោះទឹកភ្លៀងជន់លិច ក្នុងក្រុងព្រះសីហនុ មានចំនួន៥ ស្មើប្រវែងប្រមាណ ជាង ២៥គីឡូម៉ែត្រ ក្នុងនោះមានលំនៅដ្ឋានតូចធំរូមនិងសំណង់ផ្សេងៗ ដែលពាក់ព័ន្ធសាងសង់ លើដីអូរមានចំនួនជាង២០០០ខ្នង។ សំណង់ដែលបង្កផលប៉ះពាល់ និងត្រូវវាយកម្ទេចចោលទាំងស្រុងចំនួនជាង២០០ ខ្នង។ ក្រៅពីនេះសំណង់ខ្លះមានផលប៉ះពាល់បន្តិចបន្តូចប៉ុណ្ណោះ ហើយបច្ចុប្បន្នសំណង់ដែលរងផលប៉ះពាល់ សម្រាប់ការស្តារប្រឡាយអូរនៅសល់ចំនួនប្រមាណ៦១០ គ្រូសារ តែប៉ុណ្ណោះ ក្នុងនោះលំនៅដ្ឋានដែល ប៉ះពាល់ទាំងស្រុង និងវាយកម្ទេចចោលមានចំនួន ១៨០ ខ្នង។
សម្រាប់គោលការណ៍ដោះស្រាយ រដ្ឋាលខេត្តបានបញ្ជាក់ថានឹងធ្វើការដោះស្រាយតែបងប្អូនប្រជាពលរដ្ឋណាដែល
រងផលប៉ះពាល់ទាំងស្រុងតែប៉ុណ្ណោះ ដោយនិងផ្តល់ដីសម្បទានចែកជួនក្នុងមួយគ្រូសារដីមួយឡូត៏។ ដោយឡែក ប្រជាពលរដ្ឋ ដែលផងប៉ះពាល់តិចតូច មិនមានគោលការដោះស្រាយទេ ៕ដោយ៖ ហេង សូរិយា