អាមេរិក៖ នៅក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ គ្រូពេទ្យ គិលានុបដ្ឋាយិកា គឺជាទ័ពស្រួច ជាក្តីសង្ឃឹមក្នុងការយកឈ្នះនៅសមរភូមិ។ ប៉ុន្តែទ័ពស្រួចនៅអាមេរិកនាពេលនេះ ហាក់បីដូចជាត្រូវបានគេបោះបង់ចោល មិនទទួលបានការយកចិត្តទុកដាក់ មិនទទួលបានអាវុធគ្រប់គ្រាន់(បរិក្ខារពេទ្យ) សម្រាប់ធ្វើសង្គ្រាមប្រឆាំងកូវីដ១៩។
ជាលទ្ធផលធ្វើសង្គ្រាម«ខ្វះអាវុធ»គ្រូពេទ្យនិងគិលានុបដ្ឋាយិកា អាមេរិក ដល់ទៅ៩ម៉ឺននាក់បានឆ្លងកូវីដ១៩ ពីអ្នកជំងឺរបស់ខ្លួន អ្នកឆ្លងភាគច្រើនជាគិលានុបដ្ឋាយិកា។
កន្លងមក សមាគមន៍គិលានុបដ្ឋាយិកាអាមេរិក បាននាំគ្នាធ្វើបាតុកម្មនៅមុខសេតវិមាន ហើយកាន់រូបមិត្តរួមការងារ ៥០នាក់ដែលបានពលីជីវិត ក្នុងសមរភូមិជួរមុខដែលមិនមានសម្ភារការពារគ្រប់គ្រាន់។ ក្រុមបាតុករបានស្នើដល់រដ្ឋាភិបាល មានវិធានការ ការពារ ដល់គិលានុបដ្ឋាយិកា និងផ្តល់បរិក្ខារគ្រប់គ្រាន់ ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានNBC news នៅថ្ងៃទី២៤ខែមេសា អ្នកស្រី Erica Jones ជាគិលានុបដ្ឋាយិកាម្នាក់បានរៀបរាប់ថា«យើងឈរនៅទីនេះដោយសារតែមិត្តរួមការងាររបស់យើងបានស្លាប់ជាបន្តបន្ទាប់។ មនុស្សជាច្រើនយល់ថា ពួកយើង ជាវីរបុរស វីរនារី តែសម្រាប់ពួកយើង មានអារម្មថាដូចត្រូវគេបោះបង់ចោលកណ្តាលសមរភូមិ ឡោមព័ទ្ធដោយសត្រូវ ហើយនៅក្នុងដៃគ្មានអាវុធទៅទៀត តើយើងការពារខ្លួនបានដោយរបៀបណា»។
តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkins ចំនួនអ្នកឆ្លងកូវីដ១៩នៅអាមេរិកមានជាង ៨៩០ពាន់នាក់ និងស្លាប់ជាង៥១ពាន់នាក់ ។ ក្នុងនោះមានគិលានុបដ្ឋាយិកា ៩ម៉ឺននាក់ឆ្លងនិងស្លាប់៥០នាក់ផងដែរ៕ ដោយ៖ ធី រីណា