នៅក្នុងប្រវត្តិសាស្ត្ររយៈពេល១៤០០ឆ្នាំកន្លងមកនៃសាសនាអ៊ិស្លាម ពេលនេះបានជួបទិដ្ឋភាព មិនធ្លាប់មាន ដោយពិធិបុណ្យ រ៉ាម៉ាឌន(Ramadan)ដ៏សំខាន់បំផុតបានប្រារព្ធធ្វើឡើងដូចជាពេលធម្មតា ប៉ុន្តែគ្របដណ្តប់ដោយភាពស្ងប់ស្ងាត់។
កាលពីថ្ងៃទី២៤ខែមេសា ជាថ្ងៃដំបូងចាប់ផ្តើមពិធីបុណ្យ រ៉ាម៉ាឌន ភាពស្ងប់ស្ងាត់បានគ្របដណ្តប់ ព្រះវិហារ Kaaba នៅ Mecca ជាទីកន្លែងដែលសាសនិកអ៊ិស្លាម រាប់លាននាក់ទៅកាន់ទីនោះជារៀងរាល់ឆ្នាំដើម្បីបន់ស្រន់ តែពេលនេះបានស្ងប់ស្ងាត់ មានសាសនិកតែប៉ុន្មាននាក់ប៉ុណ្ណោះ។
វីរុសកូវីដ-១៩បានគ្របដណ្តប់ទៅលើ ជំនឿរបស់សាសនិក១,៨ពាន់លាននាក់នៅលើពិភពលោក ។ នៅក្នុងខែរ៉ាម៉ាឌនសាសនិកអត់អាហារពេលថ្ងៃ និងបន់ស្រន់ សួរសុខទុក្ខគ្នាទៅវិញទៅមក ខែរ៉ាម៉ាឌនជាពេលវេលាជួបជុំធំបំផុតរបស់សាសនាអ៊ិស្លាម។ ប៉ុន្តែនៅក្នុងឆ្នាំនេះ កូវីដបានគ្របដណ្តប់លើពិភពលោកធ្វើឲ្យសាសនិកត្រូវបានហាមប្រាមធ្វើពិធីបន់ស្រន់ជុំគ្នា។
សារព័ត៌មាន AFPននៅថ្ងៃទី២៥ខែមេសា បានផ្សាយថា នៅព្រះវិហារ Mecca ក៏មានសាសនិកទៅទីនោះបន់ស្រន់ផងដែរ ដោយឈរជុំវិញ Kaaba ប៉ុន្តែគោរពទៅតាមច្បាប់គម្លាត ពីគ្នាដើម្បីការពារឆ្លងកូវីដ-១៩ ។ ចំណែកនៅក្នុងប្រទេសមួយចំនួន ទោះបី មានការហាមប្រាម តែសាសនិកនៅតែបន្តទៅកាន់ព្រះវិហារបន់ស្រន់ជាច្រើនបង្កឲ្យមាក្តីបារម្ភពីការឆ្លងរាលដាលកូវីដកាន់តែខ្លាំង ក្នុងរយៈពេល ១ខែនៃពិធីបុណ្យរ៉ាម៉ាឌននេះ។
តាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែមេសា បានផ្សាយថា សាសនិកមួយចំនួនក៏បានលើកឡើងថា ពួកគាត់ជឿងជាក់ថា សុវត្ថិភាពរបស់ខ្លួនទទួលបានការការពារពីព្រះជាម្ចាស់។ បើទោះបីយើងការពារល្អយ៉ាងណាក៏ដោយតែព្រះជាម្ចាស់ជាអ្នកកំណត់ពេលណាយើងត្រូវស្លាប់។ ប៉ុន្តែយើងក៏ត្រូវធ្វើតាមច្បាប់ បង្ការដែលប្រទេសនិមួយៗបានកំណត់។
នៅក្នុងប្រទេសប៉ាគីស្ថាន ថ្ងៃចាប់ផ្តើម ខែរ៉ាម៉ាឌនគឺនៅថ្ងៃទី២៥ខែមេសានេះ ហើយនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យព្រះវិហារបើកទ្វារធម្មតាដោយសារតែរងសម្ពាធយ៉ាងខ្លាំងពីថ្នាក់ដឹកនាំសាសនាក្នុងប្រទេសនេះ។ ប៉ុន្តែសាសនិកដែលទៅព្រះវិហារត្រូវគោរពតាមច្បាប់គម្លាតសង្គម ហើយការពារខ្លួនឲ្យបានល្អ គេចផុតពីការឆ្លងកូវីដ១៩៕ធី រីណា