ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចជាឯកច្ឆនលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆនថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាល ហើយត្រូវបានអនុម័តដោយរដ្ឋសភា និងគាំទ្រដោយព្រឹទ្ធសភា គឺស្របទៅតាមរដ្ឋធម្មនុញ្ញ។  បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីពិនិត្យនិងសម្រេចសំណើរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាដើម្បីសុំពិនិត្យធម្មនុញ្ញភាពច្បាប់ ស្តីពីការការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

សូមជម្រាបថា «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មាន៥ជំពូក និង១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាលដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន ៕ដោយ៖ស តារា


ចែករំលែក៖