ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះ​រវល់​ចេញទៅ​ដក​ផ្សិត​ក្នុង​ព្រៃ​ត្រឡប់មកវិញផ្ទះក្លាយជាផេះ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ផ្ទះ​មួយ​ខ្នង​សាងសង់​ពី សសរ​ថ្ម​ឈើដំបូល​ប្រក់​ស័ង្កសី​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​នៅ​សល់​តែ​ផេះ ខណៈ​ម្ចាស់ផ្ទះ​រវល់​ចេញទៅ​ដក​ផ្សិត​ក្នុង​ព្រៃ​។

មន្ត្រីមូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះ​អគ្គីភ័យ​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២០ ប៉ុន្តែ​ម្ចាស់ផ្ទះ​បានដឹង​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃខែ ដដែល ស្ថិតនៅ​ចំណុច​ភូមិ ស្ទឹង​ឆាយ​ខាងត្បូង ឃុំ ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ​មាន​មុខរបរ​ជា​អ្នកធ្វើ​ចំការ​នេះ ​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​តើ​មាន​គេ​លួច​ដុត​ ឬក៏​បណ្តាល​មក​ពី​ភ្លើងចង្ក្រាន​ដាំបាយ ខណៈ​ក្នុង​ពេល​ឆេះ​នេះ មិនមាន​មនុស្ស​នៅផ្ទះ ហើយ​ភ្លើង​ឆេះ​រហូតដល់​រលត់​ដោយ​ខ្លួនឯង ព្រោះ​ផ្ទះ​ដែល​ឆេះ​នេះ​នៅ​ឆ្ងាយ​ពី​គេ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ឆេះ​នេះ​ទំហំ​ទទឹង​៦​ម៉ែត្រ និង​បណ្តោយ​៩​ម៉ែត្រ សាងសង់​ឡើង​ពី សសរថ្ម ឈើ​លើ ដំបូល​ប្រក់​ស័ង្កសី និង​មាន​ត​ រោង​បាយ​បន្ថែម​៣​ម៉ែត្រ​ទៀត​ និង ​មាន​រោង​ទុក​សម្ភារៈ ទំហំ ៦​ម៉ែត្រ​គុណ​៩​ម៉ែត្រ។ ដែល​ម្ចាស់ផ្ទះ​មានឈ្មោះ​សេត សឿង ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​។សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចំពោះ​សម្ភារៈ​ដែល​ខូចខាត​រួមមាន ១/​ម៉ូតូ​១គ្រឿង ម៉ាក​សង់ ឆ្នាំ​១៩៩៨ សណ្តោង​រ៉ឺម៉ក ២/​ទូរទស្សន៍ ១​គ្រឿង​ ៣/​ទូ​ទឹក​ក​១​គ្រឿង ៤/​កង់​១ ៥/​ធុង​បាស់​១ ៦/​ប្រេងម៉ាស៊ូត​១២​កាន ៧/​ម៉ា​ស៊ីន​កាត់​ស្មៅ ៣​គ្រឿង ៨/​ម៉ូ​ទ័​រសាក​អាគុយ​ ៩/​ទូរសព្ទ ២​គ្រឿង ១០/​ធុង​បាញ់ថ្នាំ​២១១/​ម៉ា​ស៊ីន​បាញ់ថ្នាំ​១៕ដោយ៖ហេងសូរិយា


ចែករំលែក៖