ខេត្តព្រះសីហនុ ៖ ផ្ទះមួយខ្នងសាងសង់ពី សសរថ្មឈើដំបូលប្រក់ស័ង្កសីត្រូវភ្លើងឆាបឆេះអស់នៅសល់តែផេះ ខណៈម្ចាស់ផ្ទះរវល់ចេញទៅដកផ្សិតក្នុងព្រៃ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះអគ្គីភ័យនេះ បានកើតមានឡើងនៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែម្ចាស់ផ្ទះបានដឹងនៅម៉ោងប្រមាណ៣រសៀលថ្ងៃខែ ដដែល ស្ថិតនៅចំណុចភូមិ ស្ទឹងឆាយខាងត្បូង ឃុំ ស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលបង្កឲ្យមានភ្លើងឆេះផ្ទះប្រជាពលរដ្ឋ មានមុខរបរជាអ្នកធ្វើចំការនេះ គេមិនទាន់ដឹងនៅឡើយទេ ថាតើមានគេលួចដុត ឬក៏បណ្តាលមកពីភ្លើងចង្ក្រានដាំបាយ ខណៈក្នុងពេលឆេះនេះ មិនមានមនុស្សនៅផ្ទះ ហើយភ្លើងឆេះរហូតដល់រលត់ដោយខ្លួនឯង ព្រោះផ្ទះដែលឆេះនេះនៅឆ្ងាយពីគេ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលឆេះនេះទំហំទទឹង៦ម៉ែត្រ និងបណ្តោយ៩ម៉ែត្រ សាងសង់ឡើងពី សសរថ្ម ឈើលើ ដំបូលប្រក់ស័ង្កសី និងមានត រោងបាយបន្ថែម៣ម៉ែត្រទៀត និង មានរោងទុកសម្ភារៈ ទំហំ ៦ម៉ែត្រគុណ៩ម៉ែត្រ។ ដែលម្ចាស់ផ្ទះមានឈ្មោះសេត សឿង ភេទប្រុសអាយុ៥៥ឆ្នាំ។សមត្ថកិច្ចបានឲ្យដឹងថា ចំពោះសម្ភារៈដែលខូចខាតរួមមាន ១/ម៉ូតូ១គ្រឿង ម៉ាកសង់ ឆ្នាំ១៩៩៨ សណ្តោងរ៉ឺម៉ក ២/ទូរទស្សន៍ ១គ្រឿង ៣/ទូទឹកក១គ្រឿង ៤/កង់១ ៥/ធុងបាស់១ ៦/ប្រេងម៉ាស៊ូត១២កាន ៧/ម៉ាស៊ីនកាត់ស្មៅ ៣គ្រឿង ៨/ម៉ូទ័រសាកអាគុយ ៩/ទូរសព្ទ ២គ្រឿង ១០/ធុងបាញ់ថ្នាំ២១១/ម៉ាស៊ីនបាញ់ថ្នាំ១៕ដោយ៖ហេងសូរិយា