ខេត្តបន្ទាយមានជ័យ៖ មន្រ្តីនគរបាលចរាចរស្រុកព្រះនេត្រព្រះបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែមេសានេះថា មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយកើតឡើងរវាងម៉ូតូហុងដាឌ្រីមបុកជាមួយម៉ូតូហុងដាហ្វីនន័របណ្តាលឲ្យស្លាប់មនុស្ស២នាក់ទាំងសងខាងដោយម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង២៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជនត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើង០៣៣៦-០៣៣៧ ខាងកើតស្ពានដែកប្រហែល១០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិទេពកោសា ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថាភាគីម៉ូតូ ម៉ាកហុងដាហ្វីនន័រ (Winner) ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស្មឺត បឺត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុង ភូមិប៉ោយក្តឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកឯភាគីម៉ូតូហុងដាឌ្រីម(Dream) ធុនសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខប.មានជ័យ, ១R-៣៨៥៩ បើកបរដោយឈ្មោះ ធួក ញាណ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុង ភូមិចំបក់ ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុេតុ គេឃើញ ភាគីម៉ូតូម៉ាកហុងដាហ្វីនន័រ (Winner) គ្មានពាក់មួកសុវត្ថិភាព និងសង្ស័យស្រវឹង បានបើកបរពីទិសខាងកើតទៅខាងលិចក្នុងល្បឿនលឿនមិនប្រកាន់ស្តាំ។ ពេលមកដល់ចំណុចកើតហេតុខាងលើ ខាងកើតស្ពានដែកប្រហែល១០០ម៉ែត្រ ក៏មានម៉ូតូហុងដាឌ្រីម (Dream) បើកក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើតបានបើកជែងរថយន្ត ១គ្រឿងដែលកំពុងបើកពីមុខ បណ្តាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូហុងដាហ្វីនន័រ(Winner) ពពេញទំហឹងលាន់ស្នូរដូចរន្ទះធ្វើឲ្យអ្នកបើកម៉ូតូហុងដាហ្វីនន័រ(Winner) បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូឌ្រីបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ក្រោយពីមានហេតុការណ៍នេះកើតឡើង នគរបាលជំនាញបានប្រគល់សពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ដោយ៖ ប្រាថ្នា