ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសង្កាត់រកាក្នុងក្រុងដូនកែវឆ្ងល់រឿងធ្វើលូមុខផ្ទះម្តងថា រដ្ឋចេញលុយម្តងថាពលរដ្ឋចេញលុយ

ចែករំលែក៖

ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិចក សង្កាត់រកាក្នុង ក្រុង ដូនកែវ មិនពេញចិត្តចំពោះទាល់តែសោះចំពោះក្រុមហ៊ុនម៉ៅការ កាយដីដាក់លូដែលជាគម្រោងលទ្ធកម្ម របស់សាលាខេត្តតាកែវដោយ និយាយមិនច្បាសលាស់ជាមួយ និងប្រជាពលរដ្ឋបណ្តាលអោយ កើតមានការងឿងឆ្ងល់ និងការកាយដាក់លូមិនមានលក្ខណៈសមស្រប ទៅតាមការគូសវាស់របស់ជំនាញ និងមិនមានបច្ចេកទេសពិនិត្យឲ្យបានត្រឹមត្រូវ ទៅតាមនីវូទឹកហូរនោះឡើយ ។

ប្រជាពលរដ្ឋក្នុងភូមិចក សូមមិនបញ្ចេញឈ្មោះ បាន រិះគន់ខ្លាំងៗ ចំពោះសកម្មភាពរបស់ក្រុមអ្នកទទួលម៉ៅការនេះថា ជាអ្នកទទួលម៉ៅការមិនមានការអនុវត្តន៍តាមគម្រោងឲ្យបានច្បាស់លាស់ ដែលពីមុនបុណ្យចូលឆ្នាំថ្មី បានដើរនិយាយប្រាប់ប្រជាពលរដ្ឋថា គម្រោងកាយដីដាក់លូនេះ ជាគម្រោងលទ្ធកម្មរបស់ខេត្ត សម្របសម្រួលដោយខាងរដ្ឋ ជួយចេញលូបង្ហូរទឹកចំនួនប្រាំកង់ នៅមុខផ្លូវចូលផ្ទះនីមួយៗស្របតាមបណ្តោយផ្លូវ តែដល់ពេលថ្ងៃក្រោយពិធីបុណ្យចូលឆ្នាំនេះ បែរជាប្រាប់ប្រជាពលរដ្ឋថា គម្រោងកាយដីអមសងខាងផ្លូវដាក់លូឲ្យប្រជាពលរដ្ឋនេះអស់ហើយ រួចតម្រូវឲ្យប្រជាពលរដ្ឋត្រូវតែទិញលូដាក់ខ្លួនឯងទៅវិញ ។
ក្រោយមានការងឿងឆ្ងល់ ទៅនឹងសកម្មភាពនេះ មានប្រជាពលរដ្ឋខ្លះបានបង្ហោះសារ នៅលើបណ្តាញសង្គម និងអ្នកខ្លះចង់ចូលខំមិនចូលក្នុងផេកសម្តេចតេជោហ៊ុន សែន ដើម្បីឲ្យមន្ត្រីជំនាញដែលជាអ្នកគ្រប់គ្រងលើការដេញថ្លៃលទ្ធកម្ម ខេត្ត ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តតាកែវ ជួយឆ្លើយតប និងសម្របសម្រួលលើការងារមួយចំនួន ដែលប្រជាពលរដ្ឋកំពុងមានបញ្ហាដូចការលើកឡើងខាងលើនេះ ។
លោក ឡាយ ចាន់ថន ប្រធានការិយាល័យគ្រប់គ្រងលទ្ធកម្មខេត្តតាកែវ នាថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០នេះ បាននិយាយថា គម្រោងលទ្ធកម្មខាងលើ ជាគម្រោងលទ្ធកម្មរបស់ខេត្ត ហើយត្រូវដេញថ្លៃបានដោយក្រុមហ៊ុន SKTT ក្នុងការកាយដាក់លូនៅផ្លូវខាងលើ។ តែលោកមិនដឹងថា គម្រោងនោះ កាយដីដាក់លូមានប្រវែងប៉ុន្មាន និងចំណាយថវិកាសរុបប៉ុន្មានដែរ ដោយប្រាប់មកវិញថា លោកជាប់ប្រជុំឆ្លងរបាយការណ៍ រួចក៏បិទទូរស័ព្ទទៅ ៕ ហេង សូរិយា


ចែករំលែក៖