ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា បានទទួលអំណោយជាម៉ាស់ចំនួន ៦ម៉ឺនម៉ាស់ និងអាវ PPE ចំនួន ៣០០កំផ្លេរ ពីកាកបាទក្រហមវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទៅស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០នេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងទទួលអំណោយជាម៉ាស់ចំនួន ៦ម៉ឺនម៉ាស់ និងអាវ PPE ចំនួន ៣០០កំផ្លេរ ពីកាកបាទក្រហមវៀតណាម តាមរយៈស្ថានទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដែលដឹកនាំដោយ លោក វូ គ័រមិញ (Vu Guang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពស្ថានទូតវៀតណាមប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វូ គ័រមិញ (Vu Guang Minh) ព្រមទាំងគណៈប្រតិភូទាំងអស់។ ជាមួយគ្នានេះ លោកស្រីកិត្តិបណ្ឌិត បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមវៀតណាមដែលបានផ្ដល់សម្ភារទាំងនេះ ហើយកាកបាទក្រហមកម្ពុជានឹងបន្តចែកម៉ាស់ និងអាវ PPE ទៅតាមសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត និងតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងខេត្តណាដែលមានករណីផ្ទុះនៅជំងឺកូវីដ-១៩ ដើម្បីជីវិតរស់នៅក្នុងសុខសន្តិភាព និងសុខុមាលភាពរបស់មនុស្សជាតិ។

ជាកិច្ចឆ្លើយតប លោក វូ គ័រមិញ បានថ្លែងអំណរគុណចំពោះលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ដែលបានចែករំលែកអំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះការឆ្លើយតបរបស់កាកបាទក្រហមកម្ពុជាក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងនោះក៏មានប្រជាជនវៀតណាមដែលរស់នៅកម្ពុជាផងដែរ។ លោក វូ គ័រមិញ បានបន្តទៀតថា ក្នុងរយៈពេល២ឆ្នាំ ដែលលោកបានបំពេញការងារនៅកម្ពុជានេះ លោកបានសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាពិតជាស្រឡាញ់កាកបាទក្រហមកម្ពុជា និងជឿទុកចិត្តនូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាពិតមែន។ លោកសូមកោតសរសើរដោយស្មោះចំពោះការកៀរគររកមូលនិធិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទិវា ៨ ឧសភា ធ្វើឲ្យកាកបាទក្រហមកម្ពុជាមានលទ្ធភាពបំពេញភារកិច្ចដោយខ្លួនឯងដោយមិនពឹងជំនួយពីបរទេស ហើយកាកបាទក្រហមវៀតណាមនិងខិតខំរៀនសូត្រ យកគំរូតាមកាកបាទក្រហមកម្ពុជា។ ស្ថានទូតវៀតណាមនឹងបន្តអំពាវនាវដល់វិនិយោគិនវៀតណាម ជួយគាំទ្រសកម្មភាពរបស់កាកបាទក្រហមកម្ពុជាបន្ថែមទៀត៕

ដោយ៖សុខ ខេមរា


ចែករំលែក៖