ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយសាធារណរដ្ឋកូរ៉េ ក្នុងដាក់ដំណើរការសាកល្បងកម្មវិធីផ្លាស់ប្ដូរការសិក្សារវាងប្រទេសទាំងពីរ តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដោយក្នុងឱកាសនោះភាគីកម្ពុជា ក៏បានធ្វើបទបង្ហាញពីអត្តសញ្ញាណខ្មែរ ជូនដល់សិស្សានុសិស្សនៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េផងដែរ។
កម្មវិធីនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជារឹតចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បើទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ក្ដី។
សូមជម្រាបថា កន្លងមកមន្ទីរអប់រំប្រចាំទីក្រុង ប៊ូសាន ធ្លាប់បានជួយសម្របសម្រួលការងារកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ ព្រមទាំងបានផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា ដើម្បីបម្រើដល់ការផលិតមាតិកាអប់រំតាមបែបឌីជីថល ដែលបច្ចុប្បន្នអនុញ្ញាតឱ្យសិស្សានុសិស្សកម្ពុជា អាចសិក្សាពីផ្ទះដោយខ្លួនឯង ខណៈក្រសួងអប់រំប្រកាសបិទសាលារៀនជាបណ្ដោះអាសន្ន។
មិនតែប៉ុណ្ណោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក៏គ្រោងនឹងបំពាក់បន្ទប់រៀនឆ្លាតវ័យមួយទៀតដល់សាលាបឋមសិក្សាវត្តបូព៌នៅខេត្តសៀមរាប ដែលអាចឱ្យសិស្សរវាងប្រទេសទាំងពីរបង្កើតទំនាក់ទំនងគ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមក ទោះបីជាពួកគាត់នៅឆ្ងាយពីគ្នាក្ដី៕ដោយ៖ក្រសួងអប់រំ