ព័ត៌មានទាន់ហេតុការណ៍៖

បន្លែផ្លែឈើគ្មានទីផ្សារ កសិករ ថៃ អំពាវនាវដល់រដ្ឋាភិបាលជួយផង

ចែករំលែក៖

ប្រទេសថៃ៖ ផលិតផលកសិកម្ម ដូចជាបន្លែផ្លែឈើជាដើម មិនអាចរក្សាទុកបានយូរឡើយ ហើយដល់ពេលប្រមូលផលទៀត។ កសិករថៃពិបាករកទីផ្សារ ដោយសារតែការបិទប្រទេស និងការលក់ដូរមួយចំនួនធំត្រូវបានផ្អាកដោយសារតែកូវីដ -១៩។ ទាំងនោះហើយធ្វើឲ្យផលដំណាំទាំងឡាយរកទីផ្សារមិនបាន។
កសិករថៃក៏បានអំពាវនាវដល់រដ្ឋាភិបាលជួយធ្វើអន្តរាគមន៍ ដើម្បីកាត់បន្ថយការខាតបង់។ រដ្ឋាភិបាលក៏បានចាត់វិធានការ ដោយឲ្យកងទ័ពដើរប្រមូលទិញផលិតផលកសិកម្មរបស់ពលរដ្ឋ ជាការជួយសម្រាលបន្ទុក នូវការខាតបង់របស់ពួកគាត់ ដោយមិនចាំបាច់ដឹកទៅកាន់ទីផ្សារ។
សារព័ត៌មាន the nation របស់ថៃបានផ្សាយថា ស្ថិតក្នុងស្ថានភាព នៃការរាតត្បាតពីវីរុស កូវីដ-១៩នេះ ប្រជាកសិករកំពុងតែរងទុក្ខយ៉ាងខ្លាំង ក្រោយការបិទប្រទេស។ ជាមួយគ្នានេះ កងទ័ពភូមិន្ទថៃបាននាំគ្នាទិញកសិផលទាំងនោះ យកទៅចែកចាយនៅតាមមូលដ្ឋានកងទ័ព ដើម្បីជាការជួយសម្រាលបន្ទុក ខាតបង់របស់កសិករ។ លោក Apirat Kongsompong នាយអគ្គសេនាធិការភូមិន្ទថៃ បានបញ្ជាឲ្យកងទ័ពគ្រប់កងពល នៅទូទាំងប្រទេសថៃ ត្រូវតែនាំគ្នាជួយទិញកសិផលពីកសិករ ដោយមិនចាំបាច់ឲ្យពួកគាត់ដឹកជញ្ជូនផលដំណាំទាំងនោះទៅកាន់ទីផ្សារនោះឡើយ។
ថៃបានបន្ដបិទប្រទេស រយ:ពេលមួយខែទៀត ព្រោះខ្លាចកូវីដ-១៩ ឆ្លងរាលដាលខ្លាំង ។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ក៏បានសុំឲ្យប្រជាពលរដ្ឋរបស់ខ្លួន មេត្ដាអត់ធ្មត់បន្ដិចទៀត ស្ថានភាពនឹងប្រសើរឡើងវិញហើយ៕ដោយ៖ធី រីណា


ចែករំលែក៖