ភ្នំពេញ៖ កម្ពុជាយើង នៅតែមានហានិភ័យ ទទួលរងនូវការវាយលុកពីវីរុសកូវីដ១៩ (COVID-19) គ្រប់ពេលវេលា និងគ្រប់ទីកន្លែង បើសិនជាយើងភ្លេចខ្លួន មិនមានការប្រុងប្រយ័ត្ននោះ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។
ទោះក្នុងរយៈពេលមកនេះ ជំងឺកូវីដ១៩នៅកម្ពុជា រកមិនឃើញករណីថ្មី និងមានអ្នកជាសះស្បើយជាបន្ដបន្ទាប់ ដោយបច្ចុប្បន្ន សល់អ្នកឈឺតែ៣នាក់ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៃអ្នកឆ្លងសរុប១២២នាក់នេះ តែ «សូមកុំភ្លេចខ្លួន យើងអាចភ្លេចកូវីដ១៩ បានគ្រប់ពេលវេលា ក៏ប៉ុន្ដែកូវីដ១៩ មិនភ្លេចយើងនោះឡើយ ដូច្នេះសូមបន្ដប្រុងប្រយ័ត្ន និងអនុវត្ដដៃស្អាចជាប់ជានិច្ច»។
លោកស្រីរដ្ឋលេខាធិការ បាន «យើងគឺស្ថិតនៅក្នុងស្ថានភាព ត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយសារស្ថានភាព នៅលើសកលលោកជំងឺកូវីដ១៩ នៅតែមាននៅឡើយ និងកើនឡើងជាបន្ដបន្ដបន្ទាប់ ដែលមានអ្នកឆ្លងនៅលើសកលលោក មានរហូតដល់ទៅជាង៣លាននាក់ និងស្លាប់ជាង២០ម៉ឺននាក់»។
សូមបញ្ជាក់ថា៖ ថ្ងៃនេះកម្ពុជា ៖ គ្មានអ្នកឆ្លងកូវីដ-១៩ គ្មានអ្នកជាសះស្បើយ គឺនៅ៣នាក់ដដែលកំពុងសម្រាកព្យាបាល។
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះ គឺ៖
-សរុបអ្នកជាសះស្បើយមានចំនួន ១១៩នាក់ដដែល
-អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៣នាក់ ដដែល
-មិនមានបាត់បង់ជីវីត
-សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់៕ដោយ៖សុខ ខេមរា