កូរ៉េខាងត្បូង៖ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានសរសើរកូរ៉េខាងត្បូងថាអាចប្រយុទ្ធនឹងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុស (COVID-19) ហើយអាចដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុបានក្នុងពេលតែមួយ ។
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី៣០ ខែមេសា បានលើកឡើងថាបន្ទាប់ពីកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនមិនមានករណីឆ្លងនៅក្នុងស្រុកលើកដំបូង ដោយបានទប់ស្កាត់ជំងឺឆ្លងCOVID-19 យ៉ាងជោគជ័យ នេះគឺជាគំរូល្អ សម្រាប់ប្រទេសដទៃទៀតដែលគួរយកតម្រាប់តាម។
អ្វីដែលលោក ហ្គូតេរ៉េស ស្ងើចសរសើរនោះ គឺកូរ៉េខាងត្បូង មិនអាចអាចទប់ស្កាត់ជំងឺ COVID-19 ឡើយ តែអាចដាក់ចេញផែនការដែលជួយដល់ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។ លោកបញ្ជាក់ថាការលុបបំបាត់ COVID-19 ដោយប្រើផែនការដែលល្អសម្រាប់បរិស្ថានដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ គឺជាគំរូសម្រាប់ប្រទេសផ្សេងទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ្គូតេរ៉េស បានអះអាងយ៉ាងដូច្នេះ៖«យើងសង្ឃឹមថា នេះគឺជាឧទាហរណ៍របស់កូរ៉េខាងត្បូង សម្រាប់ប្រទេសទាំងអស់នៅលើពិភពលោកយកគំរូតាម»។ ក្នុងន័យនេះ លោកប្រមុខ UN ជំរុញឲ្យប្រទេសទាំងអស់ យកគំរូតាមកូរ៉េខាងត្បូងក្នុងការទប់ស្កាត់ COVID-19 ក៏ដូចជា មានចំណាត់ការត្រឹមត្រូវក្នុងការប្រយុទ្ធជាមួយបម្រែបម្រួលអាកាសធាតុ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP និយាយថា តាមរយៈផែនការប្រឆាំងដោះស្រាយសេដ្ឋកិច្ច កូរ៉េខាងត្បូងបានហាមឃាត់រោងចក្រដំណើរការដោយធ្យូងថ្មថ្មី និងការកាត់បន្ថយការបំភាយឧស្ម័នចេញពីរោងចក្រធ្យូងថ្មចាស់ៗជាដើម ដែលនេះជាវិធានការល្អមួយសម្រាប់បរិស្ថាន។ ព្រោះកន្លងមករដ្ឋាភិបាលទីក្រុងសេអ៊ូល បានទទួលការសរសើរយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិក៏ដូចជាអង្គការសុខភាពពិភពលោក ក្នុងការទប់ស្កាត់ COVID-19 និងមានចំណាត់ការច្បាស់លាស់នៅចំពោះមុខជំងឺឆ្លងសកលមួយនេះ។
សូមជម្រាបថា នៅថ្ងៃទី១ ខែឧសភានេះ មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KCDC) បានរាយការណ៍ថា មាន ៩ករណីឆ្លងថ្មីនៅក្នុងទឹកដីកូរ៉េខាងត្បូង ក្នុងនោះ៨ករណី គឺនាំចូលមកពីបរទេស។ តួលេខសរុបរបស់កូរ៉េខាងត្បូងមានចំនួន ១០៧៧៤ ករណី អ្នកស្លាប់ចំនួន ២៤៨នាក់ និងអ្នកជាសះស្បើយមានចំនួន ៩០៧២នាក់៕ដោយ៖ស តារា