ព័ត៌មានទាន់ហេតុការណ៍៖

លុះត្រាតែ​ជំងឺឆ្លង COVID-19 រលាយ​ពី​ពិភពលោក​ ទើបកីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ ដឹកនាំធ្វើម្ចាស់ផ្ទះ

ចែករំលែក៖

ប្រទេសជប៉ុន៖ ដោយសារតែផលប៉ះពាល់នៃវិបត្តិ COVID-19 គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងរដ្ឋាភិបាលជប៉ុនបានសម្រេចគ្នាពន្យារពេលការប្រកួតកីឡាអូឡាំពិកនេះកាលពីខែមុនរហូតដល់រយៈពេលឆ្នាំ ពោលគឺដល់ខែកក្កដា ឆ្នាំ២០២១

លោកស៊ិនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី២៩ខែមេសា បាននិយាយថា ការដឹកនាំធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកក្រុងតូក្យូនឹងមិនអាចទៅរួចទេនៅឆ្នាំក្រោយ លុះត្រាតែជំងឺឆ្លង COVID-19 រលាយពីពិភពលោកបាត់ទៅ

នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានសង្កត់ធ្ងន់ថា កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ត្រូវតែធ្វើឡើងនៅពេលពិភពលោកបង្ហាញថា បានឈ្នះនឹងជំងឺរាតត្បាតមួយនេះ បើមិនដូច្នេះទេវានឹងពិបាកក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះណាស់

ជាមួយនឹងការកើនឡើងអត្រានៃការឆ្លងកាន់តែច្រើននៅទូទាំងពិភពលោកហើយអ្នកជំនាញបានអះអាងថាវ៉ាក់សាំងបង្កាជំងឺ COVID-19 នឹងត្រូវប្រើពេលយូរទៀតនោះ ក៏មានការលើកឡើងជាសួរថាតើព្រឹត្តិការណ៍កីឡាដ៏ធំធេងនេះអាចនឹងត្រូវការពន្យារពេលបន្ថែមទៀតអត់

«​យើងបាននិយាយហើយថា ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិត្រូវតែធ្វើឡើងដោយពេញលេញ ក្នុងនោះអត្តលិ មន្ត្រី និងអ្នកទស្សនាទាំងអស់អាចចូលរួមបានដោយសុវត្ថិភាព​»​ នេះជាការអះអាងរបស់លោកអាបេដែលបានឆ្លើយតបនឹងសំណួររបស់សមាជិកសភាបក្សប្រឆាំង ដែលសួរថាតើទីក្រុងតូក្យូអាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំក្រោយដែរឬទេបន្ទាប់ពីការពន្យារពេលឆ្នាំនេះដោយសារតែ COVID-19​

បច្ចុប្បន្ន ប្រទេសជប៉ុនបានរកឃើញករណីឆ្លងថ្មីជាង២០០នាក់ទៀតបើគិតត្រឹមថ្ងៃទី៣០ ខែមេសានេះ ដោយកើនដល់ជិត១៤០០០នាក់ ក្នុងនោះស្លាប់ជាង៤០០នាក់ និងសះស្បើយជាង២០០០នាក់​​នេះបើតាមការផ្សាយរបស់វេសាយ Worldometers

ដោយឡែក លោក Yoshiro Mori ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន ក៏បាននិយាយដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នឹងត្រូវលុបចោលតែម្តង ប្រសិនបើមិនអាចដំណើរបាននៅឆ្នាំ២០២១ ទេនោះលោក Mori ប្រកាសហើយថា នឹងគ្មានការពន្យារពេលជាលើកទីពីរឡើយបើ COVID-19 នៅតែមិនអាចគ្រប់គ្រងបានដល់ឆ្នាំក្រោយ៕ដោយ៖សតារា


ចែករំលែក៖