ប្រទេសចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវរសេនីយ៍ជាន់ខ្ពស់Wu Qian បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ ជំទាស់ដាច់ខាតចំពោះវត្តមាននាវាបរទេស ដែលបើកកាត់ដែនទឹករបស់ចិននៅក្នុងតំបន់សមុទ្យចិនខាងត្បូង ។ ព្រោះសកម្មភាពនេះ គឺមានតែបង្កឲ្យមានផលប៉ះពាល់ និងបំផ្លាញស្ថិរភាព និងសន្តិភាព នៅក្នុងតំបន់តែប៉ុណ្ណោះ។
ការមិនសប្បាយចិត្តរបស់មន្រ្តីជាន់ខ្ពស់ចិន ដោយសារតែវត្តមាននាវាចម្បាំងឈ្មោះ USS Barry របស់យោធាអាមេរិក គឺជានាវាចម្បាំងចុងក្រោយដែលបានបើកកាត់តំបន់ដែនទឹកសមុទ្រចិនខាងត្បូងនាថ្ងៃទី២៨ ខែមេសា ដោយអះអាងថា ធ្វើទៅតាមប្រតិបត្តិការ «សេរីភាពនៃនាវាចរណ៍» ក្រោមច្បាប់អន្តរជាតិ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានបញ្ជាក់ យ៉ាងច្បាស់ៗថា កងទ័ពរំដោះប្រជាជនចិន នៅតែបន្តការប្រុងប្រយ័ត្ន និងពិនិត្យមើលគ្រប់សកម្មភាពរបស់នាវាបរទេសទាំងអស់នៅក្នុងតំបន់។ ដោយលើកឡើងពីឈ្មោះអាមេរិកចំៗ លោកវរសេនីយ៍ជាន់ខ្ពស់រូបនេះ បានអះអាងយ៉ាងដូច្នេះថា៖ «ការពិត បានបង្ហាញម្តងទៀតថា អាមេរិក គឺជាអ្នកនាំឲ្យមានសកម្មភាពយោធាដ៏ធំបំផុត នៅក្នុងសមុទ្រចិនខាងត្បូង ហើយក៏ជាអ្នកបង្កបញ្ហាតែមួយគត់ សម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ដែរ»។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily ដែលស្រង់សម្ដីអ្នកនាំពាក្យខាងលើ កងទ័ពចិន នៅតែមានការប្រុងប្រយ័ត្នខ្ពស់ និងប្តេជ្ញាដែនអធិបតេយ្យ សន្តិសុខ ផលប្រយោជន៍ ក៏ដូចជាសន្តិភាព និងវិបុលភាពរបស់ខ្លួននៅក្នុងតំបន់ឲ្យបានល្អបំផុត។
ក្រៅតំបន់សមុទ្រចិនខាងត្បូង លោក Wu ក៏បានលើកឡើងពីសកម្មភាពយោធាចិនមួយចំនួន ដែលត្រូវបានមន្ត្រីការពារជាតិតៃវ៉ាន់ចោទថាគឺជាការគំរាមកំហែង។ ទាក់ទងនឹងបញ្ហានេះ មន្ត្រីក្រសួងការពារជាតិចិនដដែលបាននិយាយថា សកម្មភាពយោធាចិននៅក្បែរកោះតៃវ៉ាន់ គឺគ្រាន់តែជាការការពារដែនអធិបតេយ្យ និងទឹកដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះតៃវ៉ាន់ក៏ជាផ្នែកមួយរបស់ចិនដែរ។
គួរបញ្ជាក់ថា តំបន់សមុទ្រចិនខាងត្បូង គឺជាជម្លោះដ៏ស្មុគស្មាញមួយ ដែលទាមទារដោយភាគីច្រើនប្រទេស និងមិនចេះចប់មិនចេះហើយ។ម្យ៉ាងតំបន់ជម្លោះខ្លះនៅក្នុងសមុទ្រចិនខាងត្បូង គឺទាមទារដោយភាគីច្រើន ឬជាការទាមទារត្រួតគ្នាលើតំបន់តែមួយ៕ដោយ៖ស តារា