ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃនេះ នគរបាលបានឃាត់ យានយន្តជាង៥៧០០គ្រឿង ក្នុងការអនុវត្តច្បាប់ចរចរណ៍

ចែករំលែក៖

ភ្នំពេញ៖ បើតាមអោយដឹងពី លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖ ក្នុងរយៈពេល២ថ្ងៃ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ពោលគឺថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ បានឃាត់យានយន្តជាង៥៧០០គ្រឿង ក្នុងនោះមានម៉ូតូ៤៥០០គ្រឿង និងរថយន្តជាង១២០០គ្រឿង។

លោក ឆាយ គឹមខឿន ក្នុងនាមអ្នកនាំពាក្យ បានវាយតម្លៃថា រយៈពេល២ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ រយៈពេល ២ថ្ងៃនេះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនលោកបន្តថា ម្យ៉ាងទៀត«ការបង្ខំផាកពិន័យគាត់ តាមអនុក្រឹត្យលេខ៣៩នេះ គឺដើម្បីបង្ខំគាត់ ធ្វើឱ្យគាត់រាងចាល ដើម្បីឱ្យគាត់ងាកមកគោរពច្បាប់វិញ»។
សូមបញ្ជាក់ថា៖ កងកម្លាំងនគរបាលជាតិ នៅតែប្តេជ្ញាចិត្តបន្តអនុវត្ត ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនគិតថ្ងៃសៅរ៍ អាទិត្យ ដើម្បីចាប់បង្ខំឱ្យអ្នកដែលមិ នគ្រោពច្បាប់ ងាកមកគោរពច្បាប់ទាំងអសគ្នា ហើយយើងសង្ឃឹមថា អ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមានទម្លាប់មិនគោរពច្បាប់ ងាកមកភ្ញាក់រលឹកមកចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា»។
សូមជម្រាបថា៖ ទន្ទឹមនឹងជោគជ័យការងារមន្ត្រីអនុវត្តច្បាប់ ក៏មានករណីខុសឆ្គងនីតិវិធីខ្លះ ខណៈមានរឿងមិនគួរកើត ត្រង់គ្មានលុយបង់ផាកពិន័យចំនួន១៨ម៉ឺនរៀល ធ្វើអោយលោកអធិការរងស្រុកចន្ទ្រា ចាប់វាយនិងវៃខ្នោះ អ្នកបើកបររ៉ឺម៉ក ធ្វើអោយពលរដ្ឋផ្ទុះការតវ៉ាបិទផ្លូវសាធារណៈ , ចុងក្រោយ ប៉ូលិសបានសុំទោសវិញ៕

ដោយ៖សិលា


ចែករំលែក៖