ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងនៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

​ខេត្តឧត្តរមានជ័យ៖ដោយមើលឃើញការរីកចម្រើនលើវិស័យចិញ្ចឹមបង្កងទឹកសាប ជាការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ លោកវេង​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​អមដំណើរ​ដោយ​លោក​ប៉ែន​ កុសល្យ អភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០២០បាន​អញ្ជើញ​ចុះទៅពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី របស់​ក្រុមហ៊ុន Cambodia Amazing Aquaculture TechnologicalCo.,Ltd​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់កែង​ឃុំ​ត្រពាំង​ប្រាសាទស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។

នៅពេលនោះអ្នកបច្ចេកទេសចិញ្ចឹមបង្កងបានជំរាបលោករដ្ឋមន្ត្រី​ឲ្យដឹងថា កសិដ្ឋាននេះបានដំណើរការតាំងពីឆ្នាំ២០១៦ ដោយ​ធ្វើការ​អភិវឌ្ឍ​ជា​បណ្តើរៗ មាន​ជីក​ស្រះ​ច្រើន​ប្រភេទ (​ស្រះ​ចិញ្ចឹម​មេ បា​ពូជ កូន និង​បង្កង​សាច់​)​អាង​ភ្ញាស់​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​កសិដ្ឋាន​ជាច្រើនទៀត។​ឥឡូវនេះយើងកំពុងសាកល្បងពិសោធន៍ភ្ញាស់និងចិញ្ចឹម​កូន​ពូជ​បង្កងឱ្យ​បានប្រមាណ ៦០​ម៉ឺនក្បាល ដែល​អាច​ផ្តល់​ផល​ប្រមាណ ៥០ តោន​នៅ​រយៈពេល ៦​ខែស្របតាម​ក្សេត្រ​បរិស្ថាន​នៅ​តំបន់​នេះ​ក្នុងទិសដៅ​ដើម្បី​សម្រេច​តាម​ផែនការ​ផលិតកម្ម ផលិត​បង្កង​សាច់​ឱ្យបាន ១​តោន​ក្នុង១ថ្ងៃ និង​គ្រោង​ផលិត​កូន​ឱ្យបាន​៥​ទៅ​១០​លាន​កូន​នៅ​ឆ្នាំក្រោយ​។​

អ្នកបច្ចេកទេសបញ្ជាក់ថាបង្កងប្រភេទនេះមានតម្លៃ២៥ដុល្លារក្នុង​មួយ​គីឡូក្រាម​ហើយនៅ​កសិដ្ឋាន​ឈ្មួញ​យកទៅលក់​បន្ត​ក្នុងតម្លៃ​សមរម្យ។ផ្ទៃដីដែលបាននិងកំពុងចិញ្ចឹមមានចំនួន ២៥​ហិកតា​នឹង​ពង្រីក​ដល់ ១០០​ហិកតា​នៅពេល​ឆាប់ៗ​ខាងមុខ ដែលក្នុងនោះ ៧០​ហិកតា​សម្រាប់​ផលិត​បង្កង​សាច់ ៣០​ហិកតា​សម្រាប់​ផលិត​មេ បា និង​កូន​ពូជ​។

​ការចិញ្ចឹម​ជា​លក្ខណ​:​ធម្មជាតិ​លែងក្នុងស្រះដោយផ្តល់ចំណីផ្សំមានពោតដំឡូងមីនិងសណ្តែកសៀង​ដែលជា​វត្ថុធាតុដើម​ផលិត​ក្នុងស្រុក​ប៉ុណ្ណោះ។​

ក្នុងឧិកាសនោះ​លោក​រដ្ឋមន្ត្រី​និង​លោក​អភិបាលខេត្ត​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​វិនិយោគ​ចិញ្ចឹម​បង្កង​ពូជ​ថ្មី​ដែល​រដ្ឋបាល​ជលផល​បាននិងកំពុង​ជំរុញ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ពង្រីក​ផលិតកម្ម​ទៅ​តំបន់​ផ្សេងៗ​ទៀត៕

ដោយ÷ប្រាថ្នា


ចែករំលែក៖