ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនលោកផ្កាយ២ក្លែងក្លាយម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់​ពី​ពលរដ្ឋជាង១​ម៉ឺនដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់ បន្លំ​ខ្លួនជាមន្រ្តី​នគរបាល​ក្រសួងមហាផ្ទៃ ពាក់​ផ្កាយ​២(ឧត្តមសេនីយ៍ទោ) រួចធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន១០,៥០០​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ ។ ប៉ុន្តែ​មិន​សម្រេច ព្យាយាមគេចវេស​មិន​ព្រម​ប្រគល់ប្រាក់ឲ្យវិញ និងគំរាម​បាញ់​សម្លាប់ជន​រង​គ្រោះ បើសិន​នៅ​តែ​ទារ​លុយពីខ្លួន​វិញ ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានយកមកចាត់ការតាមច្បាប់ ។

លោក​វរសេនីយ៍ឯក មុំ ចេក នាយការិយាល័យ​​នគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះថា កម្លាំងជំនាញក្រសួងមហាផ្ទៃ​ ដោយ​មានការ​ចូលរួម​ពី​លោក កែវ សុធាព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ​ម្នាក់មានឈ្មោះ សេង សុ​ភ័​ក្រ​ត្រា អាយុ​៤៧​ឆ្នាំ ក្រោយបន្លំខ្លួនជាមន្រ្តីនគរបាល ពាក់ផ្កាយ២ក្លែងក្លាយ កាល​ពីរសៀលថ្ងៃ​ទី​០៤ឧសភា២០២០ នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

លោកនាយការិយាល័យ​បន្តថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យយកមកសួរនាំក៏​បែកធ្លាយ​រឿង​ជនសង្ស័យ​រូប​នេះ បន្លំ​ជា​នគរបាល​ពាក់​ផ្កាយ​២នៅ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​សកម្មភាព​គំរាម​សម្លាប់ និង​គំរាម​ហែកកេរ្ដិ៍ ដោយ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ រួម​និង​ករណី​ឆបោក​ប្រាក់​ចំនួន១០,៥០០​ដុល្លារ ។

ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ កាំភ្លើង​ខ្លី​មួយ​ដើម​ម៉ាកGlock26 និង​គ្រាប់​មួយ​ចំនួន ដោយ​អាវុធ​ខ្លី​នេះ​គ្មាន​លិខិត​ប្រើប្រាស់​ទេ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ក៏​បាន​សារភាព​​ថា ខ្លួន​ពិតជា​បាន​ក្លែងបន្លំ ធ្វើ​ជាម​ន្ដ្រី​នគរបាល​ជាតិ ឋានន្ដ​ស័ក្ដិ ផ្កាយ​២ នៅ​ក្រសួងមហាផ្ទៃប្រាកដ​មែននិង​បាន​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន ១០,៥០០​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ ប៉ុន្តែ​រត់ការ​មិន​បាន​សម្រេចហើយ​ក៏​ចាយលុយ​អស់​ទៅពេល​ជន​រង​គ្រោះ​ទូរស័ព្ទ​ទារ​លុយ ខ្លួន​បាន​ផ្ញើ​សារ គំរាម​បាញ់​សម្លាប់បើសិន​នៅ​តែ​ទារ​លុយ​ទៀត ។ លុះដល់​ថ្ងៃ​ទី​០៤ខែឧសភា ឆ្នាំ​២០២០ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌបាន​រៀបចំ​សំណុំរឿង បញ្ជូនខ្លួនទៅ​​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់ ៕ដោយ៖ស តារា


ចែករំលែក៖