ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនលោកផ្កាយ២ក្លែងក្លាយម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់​ពី​ពលរដ្ឋជាង១​ម៉ឺនដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បន្លំខ្លួនជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ពាក់ផ្កាយ(ឧត្តមសេនីយ៍ទោ) រួចធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះចំនួន១០,៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែមិនសម្រេច ព្យាយាមគេចវេសមិនព្រមប្រគល់ប្រាក់ឲ្យវិញ និងគំរាមបាញ់សម្លាប់ជនរងគ្រោះ បើសិននៅតែទារលុយពីខ្លួនវិញ ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានយកមកចាត់ការតាមច្បាប់

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យ​​នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះថា កម្លាំងជំនាញក្រសួងមហាផ្ទៃដោយមានការចូលរួមពីលោក កែវ សុធាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ ក្រោយបន្លំខ្លួនជាមន្រ្តីនគរបាល ពាក់ផ្កាយ២ក្លែងក្លាយ កាលពីរសៀលថ្ងៃទី០៤ឧសភា២០២០ នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ

លោកនាយការិយាល័យបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យយកមកសួរនាំក៏បែកធ្លាយរឿងជនសង្ស័យរូបនេះ បន្លំជានគរបាលពាក់ផ្កាយនៅក្រសួងមហាផ្ទៃ បានធ្វើសកម្មភាពគំរាមសម្លាប់ និងគំរាមហែកកេរ្ដិ៍ ដោយប្រើប្រាស់អាវុធខុសច្បាប់ រួមនិងករណីឆបោកប្រាក់ចំនួន១០,៥០០ដុល្លារ

ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ កាំភ្លើងខ្លីមួយដើមម៉ាកGlock26 និងគ្រាប់មួយចំនួន ដោយអាវុធខ្លីនេះគ្មានលិខិតប្រើប្រាស់ទេ

ក្រោយឃាត់ខ្លួនជនសង្ស័យ ក៏បានសារភាព​​ថា ខ្លួនពិតជាបានក្លែងបន្លំ ធ្វើជាមន្ដ្រីនគរបាលជាតិ ឋានន្ដស័ក្ដិ ផ្កាយ នៅក្រសួងមហាផ្ទៃប្រាកដមែននិងបានយកប្រាក់ពីជនរងគ្រោះចំនួន ១០,៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែរត់ការមិនបានសម្រេចហើយក៏ចាយលុយអស់ទៅពេលជនរងគ្រោះទូរស័ព្ទទារលុយ ខ្លួនបានផ្ញើសារ គំរាមបាញ់សម្លាប់បើសិននៅតែទារលុយទៀត លុះដល់ថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង

បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅ​​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ស តារា


ចែករំលែក៖