ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំរលោភ តែមិនបានសម្រេចដោយជនរងគ្រោះដឹងខ្លួនទាន់ ស្រែកឲ្យគេជួយ រួចជនសង្ស័យរត់គេចខ្លួនបាត់។
មន្ត្រីនគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃអង្គារទី៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ណេង ពៅ (ហៅតឿ)ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ពាក់ព័ន្ធករណីប៉ុនប៉ងរំរលោភ កាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ តាមពាក្យបណ្តឹងក្រុមគ្រួសារកុមារីរងគ្រោះមានឈ្មោះ ល.គ.ហ អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។
តាមរបាយការណ៍ អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឱ្យដឹងថានៅវេលាកើតហេតុខាងលើ ជនសង្ស័យបានលួចឡើងលើផ្ទះជនរងគ្រោះ ធ្វើសកម្មភាពចាប់រំលោភ តែមិនបានសម្រេច ដោយជនរងគ្រោះដឹងខ្លួនទាន់ ស្រែកឲ្យគេជួយ រួចជនសង្ស័យរត់គេចខ្លួនបាត់ (ជនរងគ្រោះជាកូនកំព្រារស់នៅជាមួយជីតាឈ្មោះ ឡាយ លេង)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវកងកម្លាំងជំនាញ សាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ៖នរិន្ទ្រ