ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះសំណាក់យីហោ៦៦ នៅ ក្រុងដូនកែវជាកន្លែងសម្រាប់យុវជន នារី ប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី ៦ ខែឧសភានេះ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បាន ឆ្មក់ចុះឆែកឆេទីតាំងផ្ទះសំណាក់យីហោ ៦៦ នៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ប្រុស ៧នាក់ ស្រី ៦នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បានឲ្យដឹងថា៖ ការចុះឆែកឆេទីតាំងនៅក្នុងផ្ទះសំណាក់យីហោ៦៦ មានការសម្របសម្រួល នីតិវិធី ដោយលោក ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ចុះឆែកឆេនៅវេលាម៉ោង ៧ព្រឹក ក្នុងនោះ ឆែកឆេចំនួន ១៤បន្ទប់ ឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន បានយុវជនប្រុសស្រីចំនួន ១៣នាក់ ។ សមត្ថកិច្ច រកឃើញនូវសម្ភារសេពគ្រឿងញៀន រួមមាន៖ ដបទុយោបឺត ដែកកេះ និងថ្នាំញៀនប្រភេទម៉ាទឹកកកមួយចំនួន ។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បានធ្វើការអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ កុំចូលរួមលាក់កំបាំង ការជួញដូរ ក៏ដូចជាការប្រើប្រាស់គ្រឿងញៀន ពីព្រោះសកម្មភាពនេះ គឺជាអំពើខុសច្បាប់ ៕

ហេង សូរិយា


ចែករំលែក៖