ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ហាន់សុីង(HanShin) កំពុងទុកផ្លូវជាតិលេខ៥ ,លេខ២ និងផ្លូវជាតិលេខ២២ អោយនៅមេម៉ាយ

ចែករំលែក៖

ភ្នំពេញ៖ គេពិតជាបានដឹងច្បាស់ថា ក្រុមហ៊ុន ហាន់សុីង(HanShin) បានដេញថ្លៃលើគម្រោងស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំង ដល់ធ្លាម្អមខេត្តពោធិ៍សាត់ លើទឹកប្រាក់ជាង៨០លានដុល្លារអាមេរិក ។ មកទល់ពេលនេះជិត២ឆ្នាំទៅហើយ ការដំណើរការសាងសង់ស្ថាបនា ហាក់មិនទៅមុខ ទុកអោយនៅមេម៉ាយ បង្កផលលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិ ខណៈក្រុមហ៊ុនបានប្រើគ្រឿងចក្រកាយដី រួចទុកចោលរាប់ខែ បណ្តាលអោយបង្កជារណ្តៅជ្រៅៗ ពំនូក ធ្វើអោយប្រជាពលរដ្ឋជួបបញ្ហាខ្លាំងក្នុងការបើកម៉ូតូ កង់ ឡាន បរទេះគោ-ក្របី ចូលផ្ទះ។

មន្ត្រីខ្លះបានលើកឡើងថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) បើសិក្សាជាក់ស្តែងទៅ ទម្លាប់ហ៊ានដេញថ្លៃ ដាក់ក្នុងតំលៃទាប និងបន្តម៉ៅការអោយក្រុមហ៊ុនតូចៗធ្វើបន្ត ខណៈក្រុមហ៊ុន ហាន់សុីង(HanShin) ខ្វះខាតគ្រឿងបម្រើអោយសង្វាក់ការស្ថាបនាសាងសង់។ ដូចជាផ្លូវជាតិលេខ៥ ក្រុមហ៊ុននេះម៉ៅការបន្តអោយក្រុមហ៊ុនចំនួន២ គឺ១-ក្រុមហ៊ុន ហេង សម្បត្តិ, ២-ក្រុមហ៊ុន ដូនពេញ ក្រោយមកក្រុមហ៊ុនទាំងនេះរត់ចោលអស់ ទើបការងារនេះទុកអោយនៅមេម៉ាយ។

ពាក់ព័ន្ធបញ្ហានេះ អង្គភាព«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបានទេពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

ដោយឡែក មន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់អង្គភាព «នគរវត្ត» តាមទូរស័ព្ទថា៖ តាមពិតទៅ ក្រុមហ៊ុន ហាន់សុីង(HanShin)នេះ បានដេញថ្លៃតាមល័ក្ខខ័ណ្ឌគោលការណ៍ច្បាប់ត្រឹមត្រូវ ប៉ុន្តែមានបញ្ហាច្រើនកន្លងទៅ ធ្វើអត់បានតាមកិច្ចសន្យាស្តង់ដារ បណ្តាលអោយផ្លូវខូចដោយកន្លែង ជាក់ស្តែងដូចជាផ្លូវជាតិលេខ២១ ពីតាខ្មៅទៅស្រុកកោះធំ ខេត្តកណ្តាល គឺខាងក្រសួងបានចាប់បង្ខំអោយធ្វើឡើងវិញ ។

លោក បន្តថា៖ ក្រោមមកក្រុមហ៊ុន ហាន់សុីង(HanShin) ដេញថ្លៃបានមួយផ្នែកខ្លះនៃគម្រោងស្ថាបនាឡើងវិញផ្លូវជាតិលេខ៥ ហើយការធ្វើមានកិច្ចសន្យាច្បាស់លាស់ ដោយធ្វើតាមដំណាក់ការៗ តែបើការស្ថាបនាមិនបានអនុវត្តគោលការណ៍ទេ ក្រុមការងារពិសេស របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងចុះទៅពិនិត្យជាក់ស្តែងដោយផ្ទាល់ ប្រសិនបើមិនដំណើរការ។

មន្ត្រីជាន់ខ្ពស់ដដែលក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ ឥឡូវនេះក្រុមហ៊ុន ហាន់សុីង(HanShin) មានបញ្ហាបន្ថែមទៀតចំពោះការស្ថាបនាផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ហើយខាងក្រុមជំនាញ បច្ចេកទេសពិសេសរបស់ក្រសួង បានចុះធ្វើកិច្ចការនេះ ដោយយកចិត្តទុកដាក់ក្នុងរយៈពេល២ថ្ងៃ រកឃើញនូវកំហុស ថែមទាំង ខាងក្រសួងបានចេញលិខិតជាផ្លូវការព្រមានផងដែរ ។

មិនតែប៉ុណ្ណោះ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានធ្វើលិខិតមួយទៅស្ថានទូតកាលពីម្សិលមិញ(ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ) ដោយសារតែក្រុមហ៊ុន ហាន់សុីង(HanShin) ជាក្រុមហ៊ុនរបស់កូរ៉េ ទើបយើងធ្វើលិខិតទៅស្ថានទូតកូរ៉េ។
លោកបន្តថា៖ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយក្រុមការងារពិសេស របស់ក្រសួងធ្វើការដោយយកចិត្តទុកដាក់បំផុត និយាយរួមមិនអោយក្រុមហ៊ុនធ្វើផ្ទុយពីកិច្ចសន្យា ឬមិនគោរពតាមកិច្ចសន្យាឡើយ។

សូមរម្លឹកថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ដេញថ្លៃបានសាងសង់ផ្លូវជាតិលេខ៥ ជាង៥១គីឡូម៉ែត្រ ពីពន្លៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ លើទឹកប្រាក់ជាង៨៥លានដុល្លារ ។ បច្ចុប្បន្នដោយសារក្រុមហ៊ុននេះ កង្វះខាតគ្រឿងចក្រ ឈានទុកអោយការស្ថាបនាផ្លូវជាតិលេខ៥ នៅមេម៉ាយ គឺធ្វើដោយកន្លែងនឹងតិចតួចបំផុត។ ដោយឡែកការស្ថាបនាផ្លូវជាតិ២ និងផ្លូវជាតិលេខ២២ ក៏មានបញ្ហា ស្ថិតក្នុងបញ្ជីខ្មៅ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងដំណាក់ការ ដល់លោកទេសរដ្ឋមន្ត្រី ធ្វើលិខិតទៅកាន់ស្ថានទូតកូរ៉េថែមទៀត។
មន្ត្រីខ្លះបានលើកឡើងថា៖ មិនគួរណាអោយក្រុមហ៊ុន ហាន់សុីង(HanShin) ដេញថ្លៃលើគម្រោងស្ថាបនាឡើងវិញផ្លូវជាតិលេខ៥ នោះទេ ព្រោះមានកំហុសទៅហើយជាមេរៀនស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព។ ប៉ុន្តែមិនដឹងថា ក្រុមហ៊ុន ហាន់សុីង(HanShin) មានលក្ខណៈពិសេសអ្វី ឈានដល់ដេញបានផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ និងមិនទទួលខុសត្រូវលើការស្ថាបនារបស់ខ្លួន អោយសមស្របតាមបទដ្ឋានបច្ចេកទេស កង្វះខាតគ្រឿងចក្រ ទីបំផុត ខាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងដំណាក់ការមើលឃើញពីកំហុស ក្រុមហ៊ុន ហាន់សុីង(HanShin) យ៉ាងពិតប្រាកដ។

ម្យ៉ាងវិញទៀតខាង (កុងស៊ុលតង់) របស់ជប៉ុន ហេតុអីក៏មើលមិនឃើញពីកំហុសទាំងនេះ..? ដូច្នេះសង្ឃឹមថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងពិចារណា មិនអោយមានវត្តមានចូលរួមដេញថ្លៃបន្តទៀត៕

ដោយ៖ សុខ ខេមរា

 

 

 


ចែករំលែក៖