ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋានស្រុកបាកាន បាន ដឹកនាំមន្រ្តីជំនាញក្រោមឱវាទគឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង បង្ក្រាបករណីលួចលាក់ដាំដើមកញ្ឆាខុសច្បាប់មួយកន្លែងឈានដល់ដកហូតកញ្ឆាក្រៀមួយចំនួន ដកបំផ្លាញកញ្ឆាស្រស់រាប់រយដើមនិងដកហូតអាវុធកែច្នៃ១ដើមផងដែរ ។
ករណីបង្រ្កាបការលួចលាក់ដាំដើមកញ្ឆាខាងលើ ធ្វើឡើងនៅវេលាម៉ោង២ និង២០នាទី រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នៅត្រង់ចំណុចដីឡូរបស់ឈ្មោះ សួន ស៊ីម ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ប្រាប់ថា ជនសង្ស័យដែលបានលួចលាក់ដាំដើម(កញ្ឆា)ឈ្មោះ ពេញ ពិសិដ្ឋ ហៅពេជ្រ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំ ខាងលើ ត្រូវជាកូនបង្កើតរបស់ស្រ្តីឈ្មោះ សួន ស៊ីម ។
លោក អធិការបានបន្តថា ជាលទ្ធផល កម្លាំងដកហូត និងកម្ទេចចោល ជាវត្ថុតាងរួមមានៈ ដើមកញ្ឆាស្រស់ចំនួន ១៤៧ដើម ដកហូតកញ្ឆាក្រៀមចំនួន ១ខាំ និងកាំភ្លើងកែច្នៃ(ស្នប់)១ដើមផងដែរ។
លោកបន្ដទៀតថា ម្ចាស់លួចលាក់ដាំដុះដើមកញ្ឆាបានគេចខ្លួន ប៉ុន្តែបានធ្វើកិច្ចសន្យា ឱ្យម្តាយធានានាំកូនចូលខ្លួន ដើម្បីធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង។ចំណែក អាវុធកែច្នៃជាវត្ថុតាង ត្រូវបានដកហូតបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ៕ ដោយ÷ បុឹម ពិន