ខេត្តព្រះវិហារ៖ កិច្ចប្រជុំយ៉ាងសំខាន់មួុយរបស់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានធ្វើឡើងកាលពីព្រឹក ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ដើម្បីពង្រឹងរបៀបរៀបរយដឹកនាំបញ្ជាគ្រប់គ្រងកងកម្លាំងនគរបាលក្នុងមូលដ្ឋាន។
មន្រ្តីនគរបាលខេត្តព្រះវិហារឲ្យដឹងថា តាមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ស្នងការរងទទួល ផែនការងារសេនាធិការ និងស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានរៀបចំកិច្ចប្រជុំឆ្លងការកែសម្រួលផែនការសកម្មភាពរបស់ផែនការងារព្រហ្មទណ្ឌ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរង ទទួល ផែនការងារសេនាធិការ និង លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ។
ក្នុងនោះដែរក៏មាន ការអញ្ជើញចូលរួមពីនាយ នាយរងការិយាល័យ នាយផ្នែក ទទួលផែនការងារព្រហ្មទណ្ឌនិងលោកអធិការរងទទួលបន្ទុកផ្នែក ព្រហ្មទណ្ឌផងដែរ។
កិច្ចប្រជុំនេះត្រូវបានលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន លើកឡើងថា ថ្នាក់ដឹកនាំនគរបាលខេត្តចង់ពង្រឹងរបៀបរៀបរយដឹកនាំបញ្ជាគ្រប់គ្រងកងកម្លាំងនគរបាលដើម្បីឲ្យគ្រប់ថ្នាក់ដឹកនាំ គ្រប់ផ្នែកជំនាញ គ្រប់អធិការដ្ឋាននគរបាល ក្រុង/ស្រុក មានទិសដៅច្បាស់លាស់ក្នុងការចាត់ចែងកិច្ចការរបស់ខ្លួនសម្រេចបានលទ្ធផលល្អ ប្រសើរដែលថ្នាក់លើចង់បាននិងការគ្រោងទុករបស់អង្គភាពខ្លួនពីនេះដល់បំណាច់ឆ្នាំ២០២០ ។
កម្លាំងនគរបាលទាំងអស់ ត្រូវស្តាប់តាមការបញ្ជាថ្នាក់ដឹកនាំតាមឋានានុក្រមនិងត្រូវយកចិត្តទុកដាក់តាមជំនាញនិងធ្វើយ៉ាងណាបំពេញការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អតាមផែនការដែលបានបែងចែករួចហើយ៕ដោយ÷ប្រាថ្នា