ភ្នំពេញ៖ យោងទៅតាមតថភាពជាក់ស្តែង ឃើញថា ប្រជាពលរដ្ឋជាច្រើន រងគ្រោះធ្ងន់ធ្ងរ ពីផលប៉ៈពាល់បរិស្ថាន សម្រាប់ការរស់នៅប្រចាំ នូវបញ្ហាសុខភាព ជះដោយក្លិន ឆ្អេះ ឆ្អាប ស្អុយ ហុយ រំពងសម្លេង ចេញពីកុងសុីកាប់ជ្រូក ដ៏ធំនៅបឹងក្រពើ នោះ ឈានដល់ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឯកភាពចំពោះកង្វល់ពលរដ្ឋ ក្នុងការដោះដូរទីតាំងទីសត្ដឃាត នៅបឹងក្រពើ ទៅតំបន់ផ្សេងពីកន្លែងពួកគាត់រស់នៅ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋជាច្រើន បានសម្ដែងការថ្នាំងថ្នាក់ចំពោះម្ចាស់អាជីវកម្មទីសត្តឃាតដ៏ធំមួយកន្លែងនៅ បឹងក្រពើ ហៅថា (កុងស៊ីកាប់ជ្រូក) ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើបញ្ហាអនាម័យបរិស្ថាន ជាពិសេសជះក្លិនស្អុយកំពុងសាយភាយពេញបន្ទុក។
ជុំវិញបញ្ហានេះ កាលព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ ប្រជាពលរដ្ឋ រស់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និយាយក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ ខណៈខ្លាចអំណាចម្ចាស់កុងសុីកាប់ជ្រូក បានប្រាប់ក្រុមអ្នកព័ត៌មានថា ៖ ការរស់នៅជុំវិញទីតាំងទីសត្តឃាត កំពុងរងផលប៉ះពាល់បរិស្ថាន និងជះក្លិនស្អុយអាសោច ពួកគាត់ងាយគ្រោះដល់សុខភាព។ ដូច្នេះ ស្នើដល់ដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចអាជ្ញាធររាជធានីភ្នំពេញ សុំឲ្យទីសត្ដឃាតមួយកន្លែងនេះ ទៅបង្កើតឲ្យឆ្ងាយពីទីប្រជុំជន ឬ អាចទៅបង្កើតនៅជាយក្រុង ដើម្បីជៀសវាងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមកម្មករជាដើម ដែលកំពុងរស់នៅដ៏ច្រើនកុះករ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែឧសភានេះថា៖ លោកឯកភាព ចំពោះកង្វល់របស់ប្រជាពលរដ្ឋ ហើយបញ្ហានឹង យើងក៏ធ្លាប់បានធ្វើការណែនាំដល់ម្ចាស់ទីសត្ដឃាត ឲ្យរកកន្លែងផ្សេងផងដែរ តែខាង ម្ចាស់ទីសត្ដឃាត សុំពេលវេលា ដោយមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់នោះឡើយ ។
លោកបានបញ្ជាក់ទៀតថា៖ បច្ចុប្បន្នយើង ក៏កំពុងតែធ្វើការងារនឹងជាមួយម្ចាស់ទីសត្ដឃាតផងដែរ ។
គួរបញ្ជាក់ថា កុងស៊ីកាប់ជ្រូកមួយនេះ មានអាយុកាល រាប់សិបឆ្នាំមកហើយ ចាប់តាំងពីតំបន់នោះ មិនទាន់មានការអភិវឌ្ឍន៍មកម្ល៉េះ និងមិនសូវមានប្រជាពលរដ្ឋរស់នៅ តែបច្ចុប្បន្នប្រទេសមានការអភិវឌ្ឍជាបន្ដបន្ទាប់ និងរោងចក្រកើតឡើង ព្រោងព្រាត ធ្វើឲ្យកំណើនមនុស្សនៅតំបន់រស់នៅយ៉ាងច្រើនកុះករ ។ ចំណែកទីសត្ដឃាត ឬហៅថាកុងស៊ីកាប់ជ្រូក ជារបស់ក្រុមហ៊ុន «ដានីដេង » ស្ថិតនៅកែង ស្តុបលូ៥ ម្ដុំបឹងក្រពើ ផ្លូវវេងស្រេង ក្នុងមួយថ្ងៃៗ កាប់ជ្រូកចំនួន២ដង ក្នុងចន្លោះម៉ោង ៤ទៅ៥ ល្ងាច-ព្រឹក រថយន្ដធំៗតទ្រុងដឹកជញ្ជូនជ្រូកក្នុងមួយថ្ងៃៗ រាប់រយក្បាល បង្កការស្ទះចរាចរណ៍ ជះក្លិនស្អុយអាចម៍ជ្រូករាប់ខែ រាប់ឆ្នាំមកហើយ ប្រជាពលរដ្ឋស្ទើរតែទ្រាំលែងបានទៅហើយ ។ ជាមួយ នឹងបញ្ហានេះ អង្គភាព «នគរវត្ត» មិនអាចសុំការការពន្យល់បកស្រាយពីម្ចាស់ក្រុមហ៊ុន ដានីដេង បាននៅឡើយទេ ជុំវិញបាតុភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ។
សូមរម្លឹកថា៖ ថ្មីៗនេះ ខាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះចាប់ឡានដឹកជ្រូក«ក្រុមហ៊ុនដានីដេង» នាំចូលពីថៃ រំលោភលើច្បាប់ដឹកជញ្ជូន ។ មន្ត្រីជំនាញបានបញ្ជាក់ថា៖ ចុះចាប់រថយន្ដដឹកជញ្ជូនសត្វជ្រូក នាំចូលពីប្រទេសថៃរបស់លោក ខូវ ហេង នៃ«ក្រុមហ៊ុនដានីដេង» តាមច្រកអន្តរជាតិអូរស្មាច់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ សង្ស័យមានភាពខុសប្រក្រតី និងមិនគោរពតាមច្បាប់ដឹកញ្ជូន ។
ប្រតិបត្តិការនេះ ធ្វើឡើង នៅវេលាម៉ោង ៥ និង ៤៣នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ៦៦ ត្រង់ចំណុចបង្គោលគីឡូលេខ១២១ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយកម្លាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរបស់ក្រសួង៕ដោយ៖សុខ ខេមរា