ព័ត៌មានទាន់ហេតុការណ៍៖

លោកគីម ជុងអ៊ុនផ្ញើសារលិខិតជូនពរលោកពូទីនថ្ងៃជ័យជម្នះ ៩ឧសភា

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានផ្ញើសារលិខិតជូនពរប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងឱកាសនៃទិវាជ័យជម្នះលើរបបហ្វាស៊ីស អាល្លឺម៉ង់ ។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី៩ខែឧសភា បានផ្សាយថា សារលិខិតរបស់មេដឹកនាំ គីម ជុងអ៊ុន បានផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី៩ខែឧសភានេះ។ កន្លងមក ប្រធានាធិបតីរុស្ស៊ីក៏បានផ្តល់ជូនមេដាយកិត្តិយសដល់មេដឹកនាំ គីម ជុងអ៊ុនដែលបានរក្សាទាហានសហភាពសូវៀត នៅលើទឹកដីកូរ៉េខាងជើង។
នៅក្នុងសារលិខិត មេដឹកនាំ គីម ជុងអ៊ុនបានសរសេរថា កាលពី៧៥ឆ្នាំមុន ពលរដ្ឋរុស្ស៊ីបានបង្ហាញវីរភាព ភាពក្លាហាន និងការលើកលែងទោស ក្រោយទទួលបានជ័យជម្នះលើរបបហ្វាស៊ីសប្រឆាំងមនុស្សជាតិ។
លោកគីម ជុងអ៊ុន ក៏បានលើកឡើងផងដែរពីសាមគ្គីភាពនិងទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ដើម្បីឆ្លងផុតនូវឧបសគ្គទាំងឡាយ។ មេដឹកនាំគីម ជុងអ៊ុន បង្ហាញការជឿជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឺងកាន់តែប្រសើរឡើងថែមទៀត។
ប៉ុន្តែនៅក្នុងទិវាជ័យជម្នះលើកនេះបានរៀបចំឡើងយ៉ាងស្ងប់ស្ងាត់ គ្មានពិធីជួបជុំគ្នា ដង្ហែក្បួនព្យុហយាត្រា ទ្រង់ទ្រាយធំនោះឡើយ។ ប្រមុខដឹកនាំប្រទេសតំបន់អឺរ៉ុប បានទៅដាក់កម្រងផ្កា ក្នុងទិវាជ័យជម្នះ លើកទី៧៥ហើយ លើរបបហ្វាស៊ីសបញ្ចប់សង្គ្រាមលោកលើកទីពីរ។ នៅក្នុងប្រទេសរុស្ស៊ី មានតែយន្តហោះចម្បាំងហោះហើរសម្តែងលើអាកាសតែប៉ុណ្ណោះក្នុងទិវាដ៏សំខាន់នេះ៕ដោយ៖ធី រីណា


ចែករំលែក៖