ភ្នំពេញ៖ជួយទប់ស្កាត់ការរំលោភ ការចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ។ នេះជាប្រសាសន៍ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានស្នើសុំអភិបាលគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ។
យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ដែល ទើបទទួលបាន នៅរសៀលថ្ងៃទី៩ ខែឧសភា នេះ , លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ថ្លែងថា យោងតាមស្ថានភាពសេដ្ឋកិច្ចនៃកម្ពុជា មានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើអោយមានកំណើននៃការសាងសង់គួរអោយកត់សម្គាល់ ។
ទន្ទឹមនឹងការរីកចម្រើននេះ ក្រសួងសង្កេតឃើញមានសកម្មភាពអវិជ្ជមានមួយចំនួន ដូចជាការរំលោភ ការចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
ផ្តើមចេញពីសកម្មភាពខាងលើនេះ ក្រសួងធនធានទឹកនិងឧតុនិយម មានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាដែលអាចកើតឡើងដល់លទ្ធផលនៃការរំដោះទឹក និង បង្កជាគ្រោះមហន្តរាយទឹកជំនន់ដោយសារចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ឬ តំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនត្រូវបានរំលោភ ចាក់ដីលុប និង ការសាងសង់បិទផ្លូវទឹកនានា ដោយពុំស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
ជាមួយគ្នានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សូមស្នើសុំអភិបាលគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ជ្រាបនិងមានវិធានការសមស្រប ដើម្បីជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ដែលមិនស្របតាមលិខិតបទដ្ឋានគតិយុត្តបានកំណត់ ៕ដោយ៖ចេស្ដា