ព័ត៌មានទាន់ហេតុការណ៍៖

កូនចុងយកកាំបិតផ្គាក់គំរាមសម្លាប់ឪពុក ត្រូវបានតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ កូនចុងចិត្តអប្រិយម្នាក់ បានយកកាំបិតផ្គាក់គំរាមកាប់សម្លាប់ឪពុក ត្រូវបានលោក អាត ចន្ទ័ដារា ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០បាន សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទគំរាមកំហែងថានិឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ដែលហេតុការណ៍ជនត្រូវចោទបានប្រព្រឹត្ត នៅភូមិតាដោលទី៣ ឃុំ​អំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីយប់ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០វេលាម៉ោង២១និង១៥នាទី ។

ដើមបណ្តឹងមានឈ្មោះ​ ផល្លី​ ពិសី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ តាដោលទី៣ ឃុំ​អំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ (ត្រូវជាបងស្រ្តីជនសង្ស័យ) ។ ចំណែកជនត្រូវចោទឈ្មោះ ខន​ ជីវៈ​​ ភេទប្រុស​អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ​ តាដោលទី​៣​ ឃុំ​អំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។

នគរបាលបានឱ្យដឹងថា៖ ជនសង្ស័យ​បាន​ជេរបញ្ចោរ​ប្រមាថ​មើល​ងាយ​ជនរងគ្រោះ​ដែល​ជា​ឪពុក​ចុង​ ភ្លាម​នោះ​ឈ្មោះផល្លី ពិសិីបាន​សួរនាំ​ទៅជនសង្ស័យ​ហើយក៏ត្រូវជនសង្ស័យស្ទុះទៅវាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ម្តាយ​ក្មេក​និង​យក​កាំបិត​ផ្គាក់​មករក​កាប់​ឪពុកចុងថែមទៀត តែបាន​អ្នក​ជិតខាង​ជួយឃាត់និងដកយក​កាំបិត​បាន​។ បន្ទាប់​មក​ជនរងគ្រោះ​ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អំពៅព្រៃ​ ដេីម្បី​យក​ជនសង្ស័យ​ទៅធ្វើ​ការអប់រំ​ណែនាំ​។ ក្រោយ​ពេល​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ធ្វើ​ការអប់រំ​ណែនាំ​រួច​ហើយបានឲ្យ​ជនសង្ស័យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ពេល​ទៅដល់​ផ្ទះ​វិញ​ជនសង្ស័យ​ បាន​យក​កាំបិត​ផ្គាក់​ខាងលើ​ពី​អ្នក​ជិតខាង ហើយ​កាន់ដេីរទៅឈរ​មុខ​ផ្ទះ​ជនរងគ្រោះ​រួច​ស្រែក​គំរាម​ថា​ អញ​នឹង​សម្លាប់​ចោល​មួយគ្រួសារ​។ ភ្លាម​នោះ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​អំពៅព្រៃ​។ដោយ៖ឆ ដា


ចែករំលែក៖